វគ្គបណ្តុះបណ្តាលស្តីពីដំណើរការប្រព័ន្ធ និងការអនុវត្តសាកល្បងការប្រើប្រាស់ប័ណ្ណដាក់ពិន្ទុគណនេយ្យភាពសង្គមតាមប្រព័ន្ធឌីជីថលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ

២៨ កក្កដា ២០២៦

,  

12

Banner
ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ដំណើរការប្រព័ន្ធ និងការអនុវត្តសាកល្បងការប្រើប្រាស់ប័ណ្ណដាក់ពិន្ទុគណនេយ្យភាពសង្គមតាមប្រព័ន្ធឌីជីថល»។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក សុខ ជឿន បានសម្ដែងនូវការសាទរ និងថ្លែងអំណរគុណចំពោះកិច្ចសហការល្អរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមផ្តល់ធាតុចូលយ៉ាងសំខាន់ដល់ក្រុមការងារបច្ចេកទេស ក្នុងការអភិវឌ្ឍ និងកែលម្អប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការនៃការអនុវត្តជាក់ស្តែងនាពេលកន្លងមក។
លោកសុខ ជឿន ក៏បានគូសបញ្ជាក់ផងដែរថា ការអនុវត្តការងារគណនេយ្យភាពសង្គមនាពេលកន្លងមកនៅមានបញ្ហាប្រឈមមួយចំនួនដូចជា ការប្រមូលទិន្នន័យមានភាពយឺតយ៉ាវ ការបូកសរុបលទ្ធផល ការរៀបចំផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម (JAAP) ព្រមទាំងការតាមដាន និងត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពនៅមានកម្រិត ទើបលេខាធិការដ្ឋាន គ.ជ.អ.ប. បានផ្តួចផ្តើមអភិវឌ្ឍប្រព័ន្ធឌីជីថល ដោយបម្លែងការងារដាក់ពិន្ទុសហគមន៍ពីបែបប្រពៃណីទៅជាប្រព័ន្ធទំនើប ដើម្បីធ្វើឱ្យការប្រមូលទិន្នន័យ ការគ្រប់គ្រង ការតាមដាន និងការវិភាគទិន្នន័យកាន់តែងាយស្រួល រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈធនាគារពិភពលោក។
បន្ថែមពីលើនេះ ការបណ្តុះបណ្តាលនេះគឺជាជំហានដំបូងនៃការអនុវត្តសាកល្បងប្រព័ន្ធ ដែលមានគោលបំណងសិក្សាអំពីដំណើរការបច្ចេកទេស លំហូរការងារ និងការប្រើប្រាស់ប្រព័ន្ធជាក់ស្តែង ដើម្បីប្រមូលមតិយោបល់ និងអនុសាសន៍ពីអ្នកប្រើប្រាស់ សម្រាប់បន្តកែលម្អប្រព័ន្ធឱ្យកាន់តែមានភាពពេញលេញ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងណែនាំអំពីដំណើរការរបស់ប្រព័ន្ធឌីជីថល របៀបប្រើប្រាស់ប្រព័ន្ធ និងការអនុវត្តសាកល្បងការប្រើប្រាស់ប័ណ្ណដាក់ពិន្ទុគណនេយ្យភាពសង្គមតាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាពដល់ផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ និងធានាឱ្យការអនុវត្តប្រព័ន្ធប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកបានស្នើឱ្យសិក្ខាកាមទាំងអស់ចូលរួមអនុវត្តសាកល្បងប្រព័ន្ធដោយយកចិត្តទុកដាក់ ស្វែងយល់ពីដំណើរការប្រើប្រាស់ និងផ្តល់មតិយោបល់កែលម្អប្រព័ន្ធឱ្យបានទូលំទូលាយ ដើម្បីរួមចំណែកលើកកម្ពស់ការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងបរិយាបន្ន សំដៅធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. អង្គការទស្សនៈពិភពលោក និងអង្គភាពផ្ដល់សេវាដែលមកពីខណ្ឌទួលគោក សរុបចំនួន ២៤រូប ក្នុងនោះស្ត្រី ១០រូប៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP