និមិត្តសញ្ញានៃ គ​.ជ.អ.ប.

និមិត្តសញ្ញា

និមិត្តសញ្ញា (ម៉ាកលូហ្គូ) គឺជាគំនិត ឬឧត្តមគតិដែលតំណាងឱ្យស្ថាប័ន ដែលអាចរំលេចខ្លឹមសារនៃចក្ខុវិស័យ និងបេសកកម្មរបស់ស្ថាប័ន។ និមិត្តសញ្ញាគឺជានិមិត្តរូបនៃការប្រាស្រ័យទាក់ទង ដែលធ្វើឱ្យសាធារណជនមានភាពងាយស្រួលក្នុងការកត់សម្គាល់ ចងចាំ និងជឿជាក់លើស្ថាប័ននោះ។ 
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលហៅកាត់ថា គ.ជ.អ.ប. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ តាមរយៈព្រះរាជក្រឹត្យ នស/រកត/១២០៨/១៤២៩ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ជាស្ថាប័នអន្តរក្រសួង ដើម្បីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថាកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ស្នូលមួយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការបង្ខិតការផ្ដល់សេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ។ 


និមិត្តសញ្ញាថ្មីរបស់ គ.ជ.អ.ប. ៖ 


និមិត្តសញ្ញាអត្ថន័យរួម នៃនិមិត្តសញ្ញា

និមិត្តសញ្ញាថ្មី៖ មានរង្វង់ព័ទ្ធជុំវិញពីរជាន់ដែលក្នុងរង្វង់មូលទី១ មានអក្សររាជរដ្ឋាភិបាលកម្ពុជានៅចំកណ្តាល មានផ្ការំដួលពីរសងខាង និងមានអក្សរគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅខាងក្រោម។ រង្វង់ទី២ មានអដ្ឋរង្សី៨ឆ្នូតនៅចំកណ្តាលសៀវភៅដែលទ្រដោយជើងពាន និងមានរូបស្លឹករំដួលអមសងខាងពីក្រោយជើងពាន និងទ្រដោយអក្សរ គ.ជ.អ.ប. ពីក្រោម។


ការពិពណ៌នាអត្ថន័យនៃនិមិត្តសញ្ញាថ្មីរបស់ គ.ជ.អ.ប.


១. អត្ថន័យរួម នៃនិមិត្តសញ្ញា

គ.ជ.អ.ប. ជាស្ថាប័នអន្តរក្រសួងមួយ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួលលើការរៀបចំ និងអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាក្នុងការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័ស។
២. អត្ថន័យពណ៌សតំណាងឱ្យតម្លាភាព សុចរិតភាព គណនេយ្យភាព ភាពស្អាតស្អំ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការទទួលខុសត្រូវខ្ពស់ និងការអំណត់ព្យាយាមក្នុងការបំពេញតួនាទី ភារកិច្ចដើម្បីបម្រើជាតិមាតុភូមិ។
៣. អត្ថន័យពណ៌ខៀវតំណាងឱ្យសុខសន្តិភាព សិទ្ធិសេរីភាព ការអភិវឌ្ឍ បរិយាបន្ន និងសមធម៌សង្គមក្នុងក្របខ័ណ្ឌកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
៤. អត្ថន័យរូបជើងពានទ្រសៀវភៅ

តំណាងឱ្យបេសកកម្មរបស់ គ.ជ.អ.ប. ក្នុងការរៀបចំតាក់តែងកម្មវិធីជាតិ ផែនការអនុវត្ត ការលើកអនុសាសន៍ជូនរាជរដ្ឋាភិបាល    និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំតាក់តែង ក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគិតយុត្តនានា កម្មវិធី ផែនការសកម្មភាពពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។
៥. អត្ថន័យ គ.ជ.អ.ប.

គ.ជ.អ.ប. មានន័យថាគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
៦.​​អត្ថន័យរូបផ្ការំដួល

ជាប្រភេទផ្កាតំណាងឱ្យអត្តសញ្ញាណរបស់ប្រទេសកម្ពុជាដែលមានក្លិនក្រអូបសព្វសាយប្រៀបដូចទៅនឹងចក្ខុវិស័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ប្រកបដោយតម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ស្របតាមបរិបទនៃប្រទេសកម្ពុជា (កត្តានយោបាយ ភូមិសាស្ត្រ ប្រជាសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ និងប្រពៃណីជាតិ)។

ក្លិនៈ ជំនឿទុកចិត្តនិងភាពពេញចិត្តពីគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្រស់ៈ ការរៀបចំស្ថាប័ន​ដែលមានលក្ខណៈធន់មាំ ទំនើប ស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

គុណតម្លៃៈ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈនិងផលប្រយោជន៏ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់  ក្រោមជាតិប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។

៧. អត្ថន័យ​អដ្ឋរង្សី ៨ឆ្នូត

តំណាងឱ្យគោលការណ៍គ្រឺះទាំង៨នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដែលបានកំណត់ក្នុងមាត្រា១២នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមមាន៖

១. ភាពជាតំណាងសាធារណៈ 

២. ស្វ័យភាពរបស់មូលដ្ឋាន 

៣. ការពិគ្រោះយោបល់ និងការចូលរួម​ ​ ​

៤. ការឆ្លើយតប និងគណនេយ្យភាព

​៥. ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅក្នុងមូលដ្ឋាន  

៦. ការលើកស្ទួយសមធម៌  

៧. តម្លាភាព និងសុចរិតភាព 

៨. វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច។

៨. អត្ថន័យស្លឹករំដួលរៀងគ្នាតម្រៀបជាជួរ
តំណាងឱ្យកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងសកម្មរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធក្នុងការចូលរួមគាំទ្រ និងអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

icon

អត្ថបទពាក់ព័ន្ធ ៖

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP