យោងអនុក្រឹត្យលេខ ២៣៤ អនក្រ.បក ចុះថ្ងៃទី១៩ ខែតុលា
ឆ្នាំ២០១១ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា៧ មាត្រា៨ មាត្រា១២ មាត្រា១៥
និងមាត្រា១៧ និងបន្ថែមមាត្រា១២ស្ទួននៃអនុក្រឹត្យលេខ ២៣ អនក្រ.បក ចុះថ្ងៃទី២៧
ខែមករា ឆ្នាំ២០០៩ ស្តីពីការរៀបចំ
និងប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
គ.ជ.អ.ប. មានលេខាធិការដ្ឋានស្ថិតនៅក្នុងទីស្តីការក្រសួងមហាផ្ទៃ។ លេខាធិការដ្ឋាន គ.ជ.អ.ប.
ធ្វើជាសេនាធិការឱ្យ គ.ជ.អ.ប. និងអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប. ក្នុងការបំពេញបេសកកម្ម
តួនាទី ភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។
លេខាធិការដ្ឋាន គ.ជ.អ.ប. មានភារកិច្ចសំខាន់ៗ
ដូចខាងក្រោម៖
- សហការ និងសម្របសម្រួលសិក្សាអំពីចក្ខុវិស័យសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយផ្សារភ្ជាប់ជាមួយគោលនយោបាយកំណែទម្រង់នានា ដើម្បីសុំការអនុម័តពី
គ.ជ.អ.ប.
- អភិវឌ្ឍន៍ក្របខណ្ឌគោលនយោបាយ ក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា
ដាក់ជូន គ.ជ.អ.ប. ពិនិត្យនិងអនុម័ត
ដើម្បីគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- រៀបចំឱ្យមានការពិគ្រោះយោបល់ជាមួយក្រសួង
ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដើម្បីរៀបចំកម្មវិធីជាតិ ផែនការអនុវត្តកម្មវិធីជាតិ
និងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ដើម្បីសុំការសម្រេចពី គ.ជ.អ.ប.
- គាំទ្រ សម្របសម្រួលការអនុវត្តកម្មវិធីជាតិ ផែនការអនុវត្តកម្មវិធីជាតិ
និងផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ ព្រមទាំងរៀបចំ និងអនុវត្តនូវប្រព័ន្ធតាមដាន
និងវាយតម្លៃក្នុងកម្រិតកម្មវិធីជាទូទៅលើផែនការ និងកម្មវិធីទាំងនោះ ក្នុងនាម
គ.ជ.អ.ប.
- សិក្សា
និងលើកយោបល់សុំការសម្រេចពី គ.ជ.អ.ប. ក្នុងការកែសម្រួលកម្មវិធីជាតិ
ផែនការអនុវត្តកម្មវិធីជាតិ និងផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ
ផ្អែកលើវឌ្ឍនភាព
និងបញ្ហាប្រឈមក្នុងដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- សហការរៀបចំឱ្យមានការពិគ្រោះយោបល់ជាមួយក្រសួង
ស្ថាប័ន និងអ្នកពាក់ព័ន្ធនានាអំពីការពិនិត្យមើលឡើងវិញនូវមុខងារ និងការផ្ទេរមុខងារ និងធនធានទៅតាមដំណាក់កាលនានា
ដែលកំណត់ដោយ គ.ជ.អ.ប.
- បំពេញតួនាទីជាលេខាធិការដ្ឋានឱ្យអនុគណៈកម្មាធិការនានារបស់
គ.ជ.អ.ប.
- សម្របសម្រួលកិច្ចការប្រចាំថ្ងៃរបស់
គ.ជ.អ.ប. ស្របតាមគោលការណ៍ណែនាំនានារបស់ គ.ជ.អ.ប.
- ធ្វើការត្រួតពិនិត្យ សង្ខេប បូកសរុបឯកសារ របាយការណ៍លទ្ធផលនៃកិច្ចប្រជុំ
អនុសាសន៍ សំណើសំណូមពរដែលផ្តល់ជូនដោយអនុគណៈកម្មាធិការនានា
ដោយភ្ជាប់ជាមួយអនុសាសន៍របស់ខ្លួនដើម្បីដាក់ជូនប្រធាន គ.ជ.អ.ប. ពិនិត្យ សម្រេច
- ត្រៀមរៀបចំកិច្ចប្រជុំទាំងអស់របស់
គ.ជ.អ.ប.
- សម្របសម្រួលក្នុងដំណើរការនៃការអនុវត្តកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត
ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
ព្រមទាំងលិខិតបទដ្ឋានអនុវត្តច្បាប់ទាំងនេះ ស្របតាមការណែនាំរបស់ គ.ជ.អ.ប.
- សម្របសម្រួលគម្រោងគាំទ្រពីដៃគូអភិវឌ្ឍន៍នានាដល់ដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមការណែនាំរបស់
គ.ជ.អ.ប.
- អាចធ្វើជាប្រតិបត្តិករនូវគម្រោង
កម្មវិធីដែលគាំទ្រពីដៃគូអភិវឌ្ឍន៍នានា
តាមការសម្របសម្រួលគ្នារវាងដៃគូអភិវឌ្ឍន៍ទាំងនោះ និងតាមការសម្រេចរបស់ គ.ជ.អ.ប.
- ចូលរួមជាមួយដៃគូអភិវឌ្ឍន៍ក្នុងក្រុមការងារបច្ចេកទេសវិមជ្ឈការ
និងវិសហមជ្ឈការ
- គ្រប់គ្រងថវិកា
និងហិរញ្ញវត្ថុរបស់ គ.ជ.អ.ប.
- បំពេញការងារផ្សេងៗទៀតតាមការកំណត់របស់
គ.ជ.អ.ប.។