កិច្ចប្រជុំចាប់ផ្តើមបេសកកម្មរៀបចំកំណត់គម្រោង (Identification Mission) ស្តីពី «ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED)» របស់ធនាគារពិភពលោក

១៩ ឧសភា ២០២៦

,  

14

Banner
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មរៀបចំកំណត់គម្រោង (Identification Mission) ស្តីពី «ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED)» របស់ធនាគារពិភពលោក។


កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងធនាគារពិភពលោក ដឹកនាំដោយលោក Ingo Wiederhofer ប្រធានប្រតិបត្តិ (Practice Manager) លោក Samuel Clark អ្នកជំនាញជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍សង្គម និងជាប្រធានក្រុមបេសកកម្ម និងលោកស្រី Maria Menuela Faria អ្នកជំនាញជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍សង្គម និងជាសហប្រធានក្រុមបេសកកម្ម ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខាធិការដ្ឋាន គ.ជ.អ.ប. អគ្គនាយកដ្ឋានរដ្ឋបាល និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ សរុបចំនួន ២២រូប (ស្រី ៦រូប)។

ក្នុងកិច្ចប្រជុំ អង្គប្រជុំបានពិភាក្សា និងកំណត់ជាបឋមលើគោលបំណង និងអាទិភាពសំខាន់ៗរបស់គម្រោង រួមមាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពង្រឹងសមត្ថភាពរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការរៀបចំផែនការ និងគ្រប់គ្រងហានិភ័យអាកាសធាតុ ព្រមទាំងការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន។

បេសកកម្មរៀបចំកំណត់គម្រោងនេះ មានសារៈសំខាន់ក្នុងការពិនិត្យ ពិភាក្សា និងកំណត់លើគោលបំណង វិសាលភាព សមាសភាគ លទ្ធផលរំពឹងទុក និងសកម្មភាពអាទិភាពរបស់គម្រោង ព្រមទាំងការរៀបចំសំណើហិរញ្ញប្បទានសម្រាប់ការរៀបចំគម្រោង តាមរយៈ Grant Facility for Project Preparation (GFPP) ដែលមានរយៈពេលអនុវត្ត១៨ខែ។

ក្នុងឱកាសនោះផងដែរ តំណាងធនាគារពិភពលោកបានកោតសរសើរចំពោះផែនការអនុវត្ត ៥ឆ្នាំដំណាក់កាលទី២ (IP5)  ថាមានចក្ខុវិស័យទូលំទូលាយ ច្បាស់លាស់ និងមានលក្ខណៈយុទ្ធសាស្ត្រក្នុងការជំរុញការអភិវឌ្ឍថ្នាក់ក្រោមជាតិ។ ទន្ទឹមនោះ ធនាគារពិភពលោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមត្ថភាពរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការដឹកនាំ និងសម្របសម្រួលការងារកំណែទម្រង់ដែលមានភាពស្មុគស្មាញ និងពហុវិស័យ។

តំណាងធនាគារពិភពលោកក៏បានលើកឡើងថា គម្រោង SCALED នឹងចូលរួមគាំទ្រយ៉ាងសំខាន់ដល់ការអនុវត្ត IP5 ដំណាក់កាលទី២ នេះ តាមរយៈការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់ការវិនិយោគនៅថ្នាក់ក្រោមជាតិ និងការពង្រឹងគុណភាពសេវាសាធារណៈ។ ជាពិសេស ភាគីធនាគារពិភពលោកបានសង្កត់ធ្ងន់លើការផ្តោតអាទិភាពទៅលើ ភាពធន់ (Resilience) និង ការអភិវឌ្ឍមូលដ្ឋាន (Local Development) ដើម្បីធានាឱ្យការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិមានចីរភាព បរិយាបន្ន និងអាចឆ្លើយតបនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនាពេលអនាគត។

ជាមួយគ្នាផងដែរ ឯកឧត្តម ចាន់ សុធា បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក និងដៃគូពាក់ព័ន្ធ ដែលបានបន្តគាំទ្រកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងបានគូសបញ្ជាក់ថា គម្រោង SCALED នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ការបង្កើតការងារ ការពង្រឹងសេវាសាធារណៈ និងការកសាងភាពធន់របស់សហគមន៍ចំពោះការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ជារួម កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ប្រកបដោយស្មារតីសហការ និងទទួលខុសត្រូវខ្ពស់ ដោយភាគីពាក់ព័ន្ធទាំងអស់បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរៀបចំ និងជំរុញការអនុវត្តគម្រោង SCALED ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ផងដែរ គម្រោង SCALED គឺជាគម្រោងដែល ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានលើកសំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំការគាំទ្រពីធនាគារពិភពលោក ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការលើកកម្ពស់សេវាសាធារណៈ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅថ្នាក់ក្រោមជាតិ តាមរយៈការបង្កើនវិនិយោគធន់នឹងការប្រែប្រួលអាកាសធាតុ ការបង្កើតការងារនៅមូលដ្ឋាន និងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP