១៩ ឧសភា ២០២៦
,8
ខេត្តសៀមរាប ៖ នាថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក
ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងរដ្ឋបាលមូលដ្ឋាន
និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. លោក Enrico
Gaveglia
អ្នកតំណាង (UNCDF, UNDP និងUNV) ប្រចាំកម្ពុជា បានអញ្ជើញជាគណៈអធិបតីដឹកនាំសិក្ខាសាលាចាប់ផ្ដើមអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន
និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣។
សិក្ខាសាលានេះរៀបចំឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេងពីចម្ងាយ
(Zoom) ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជាផ្លូវការដល់រដ្ឋបាលខេត្តគោលដៅចំនួន០៣គឺ
ពោធិ៍សាត់ បាត់ដំបង និងព្រះវិហារ រដ្ឋបាលស្រុកគោលដៅចំនួន២៥
និងអ្នកពាក់ព័ន្ធនានាអំពីការចាប់ផ្ដើមអនុវត្តគម្រោង LGCC-3 ដែលមានរយៈពេល៥ឆ្នាំ។ គួរបញ្ជាក់ផងដែរថា
គម្រោងនេះនឹងត្រូវសម្រេចឱ្យបាននូវសមិទ្ធផលរំពឹងទុកសំខាន់ចំនួន០២រួមមាន ១).
ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុត្រូវបានបញ្ជ្រាប ក្នុងដំណើរការកសាងផែនការ
និងការរៀបចំថវិកាប្រកបដោយបរិយាបន្នរបស់រដ្ឋបាលមូលដ្ឋាន និង ២). ភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម
សន្តិសុខស្បៀង សុខភាព ទឹក បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និង
សហគមន៍ងាយរងគ្រោះនានាត្រូវបានពង្រឹង
តាមរយៈការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានអាកាសធាតុ
ដើម្បីពង្រីកការវិនិយោគលើការបន្ស៊ាំនឹងអាកាសធាតុ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ
និងមន្ត្រីបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រសួងមហាផ្ទៃ
តំណាងក្រសួងបរិស្ថាន តំណាងក្រសួងកិច្ចការនារី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ តំណាងក្រសួងធនធានទឹក និងឧតុនិយម តំណាងគណៈកម្មាធិការជាតិគ្រោះមហន្តរាយ (NCDM)
តំណាងមូលនិធិអាកាសធាតុបៃតង (GCF) និងរដ្ឋបាលថ្នាក់ក្រោមជាតិដែរជាគោលដៅរបស់គម្រោង
សរុបចំនួន១៣៩រូប (ស្រ្តី២៤រូប)៕

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
