០៦ ឧសភា ២០២៦
,10
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំក្រុមការងារជួបពិភាក្សាជាមួយគណៈប្រតិភូនៃប្រទេសស្រីលង្កា ដែលមកបំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារ ក្នុងនាមស្ថាប័នជាតិទទួលបន្ទុកមូលនិធិអាកាសធាតុបៃតង (NDA) នៃប្រទេសស្រីលង្កា និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្នុងនាមជាស្ថាប័នទទួលមូលនិធិផ្ទាល់ (Direct Access Entity) ពីមូលនិធិអាកាសធាតុបៃតង (GCF)។
ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន
ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ក្រសួងកិច្ចការបរទេស ធនាគារអភិឌ្ឍន៍នៃប្រទេសស្រីលង្កា
និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO) ព្រមទាំងថ្នាក់ដឹកនាំ
និងមន្រ្តីបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន២១រូប (ស្រ្តី១៤រូប)។
ជំនួបពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងចំនួន២គឺ ១. ការចែករំលែកការយល់ដឹងអំពីតួនាទី និងទំនួលខុសត្រូវ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងនាមជាស្ថាប័នទទួលមូលនិធិផ្ទាល់ (Direct Access Entity) ពីមូលនិធិអាកាសធាតុបៃតង (GCF)
និង ២. ការចែករំលែកបទពិសោធន៍
និងយុទ្ធសាស្ត្ររបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការរៀបចំ និងអនុវត្តគម្រោងក្រោមការគាំទ្រពីមូលនិធិអាកាសធាតុបៃតង
(GCF)៕
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
