ពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល

២៣ កក្កដា ២០២៦

,  

26

Banner
ទីស្តីការក្រសួងមហាផ្ទៃ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ បានសហការរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពី «ការចែករំលែកបទពិសោធរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» នៅសាលប្រជុំ S ទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសហប្រធានដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប.។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លេខាធិការដ្ឋាននៃគណៈកម្មាធិការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សាលាជាតិរដ្ឋបាលមូលដ្ឋាន និងគណៈអភិបាលរាជធានី ខេត្ត គណៈអភិបាលក្រុង ស្រុក ខណ្ឌ សមាគមន៍ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល និងមន្ទីរមុខងារសាធារណៈ អធិការប៉ុស្តិ៍នគរបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបចំនួន ៤១៥០រូប។
ក្នុងប្រសាសន៍ស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានគូសបញ្ជាក់ពីសាវតា ដំណើរការអនុវត្ត ព្រមទាំងកំណត់នូវលក្ខណៈវិនិច្ឆ័យគោល នៃកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តការប្រកួតប្រជែង ក្នុងគោលដៅដើម្បីពង្រឹងអភិបាលកិច្ចក្នុងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងនៅតាមអង្គភាពសាលារៀន ចាប់ពីសាលាមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ សម្រាប់វិស័យអប់រំ និងអង្គភាពមន្ទីរពេទ្យ ចាប់ពីមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល។
ភាពជោគជ័យរបស់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយសារកត្តាមួយចំនួន រួមមាន កត្តាផ្ទៃក្នុងអង្គភាព (មានឆន្ទៈ សាមគ្គីភាព សហការរៀបចំដោយការទទួលខុសត្រូវខ្ពស់ និងមានភាពច្នៃប្រឌិតប្រកបដោយនវានុវត្តន៍) កត្តាខាងក្រៅ (មានទំនាក់ទំនង និងសហការល្អ មានការចូលរួមនិងគាំទ្រពីប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍនានា) និងកត្តាអាជ្ញាធរមូលដ្ឋាន និងអង្គភាពជាអាណាព្យាបាលអង្គភាព (ការយកចិត្តទុកដាក់ ការផ្តល់ចក្ខុវិស័យ ការតម្រង់ទិស ការផ្តល់កិច្ចសហការ និងការជួយជ្រុំជ្រែងរបស់អាជ្ញាធរមូលដ្ឋាន និងអង្គភាពជាអាណាព្យាបាល)។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ដើម្បីឆ្លុះបញ្ចាំងអំពីទិដ្ឋភាពនៃការអនុវត្តជាក់ស្តែង ក្រសួងមុខងារសាធារណៈ ជាគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រសួងមហាផ្ទៃ បានផ្តួចផ្តើមគំនិត និងសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់គាំទ្ររបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាការចែករំលែក នូវបទពិសោធរបស់អាជ្ញាធរមូលដ្ឋាន លើការជួយនិងគាំទ្រជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ក្នុងការសម្រេចបាននូវឧត្តមានុវត្តន៍លើលក្ខណៈវិនិច្ឆ័យគោលទាំង៨ ក៏ដូចជាការខិតខំជាបន្តក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាព សាលារៀន និងមន្ទីរពេទ្យ ក្នុងដែនសមត្ថកិច្ចរបស់អាជ្ញារធរមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដើម្បីចែករំលែកបទពិសោធ និងវិធីសាស្ត្រល្អៗពីអាជ្ញាធរខេត្តដែលអនុវត្តបានល្អ ព្រមទាំងបំផុសចលនាឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមយ៉ាងសកម្មក្នុងការប្រែក្លាយសាលារៀន និងមណ្ឌលសុខភាព ទៅជាអង្គភាពផ្តល់សេវាគំរូ។ លើសពីនេះ អង្គសិក្ខាសាលា ផ្តោតលើការពង្រឹងអភិបាលកិច្ច និងបើកឱកាសឱ្យអ្នកចូលរួមផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សា និងការចែករំលែកបទពិសោធពេញមួយថ្ងៃ សិក្ខាសាលានេះនឹងត្រូវបិទបញ្ចប់នៅពេលរសៀលថ្ងៃដដែល ក្រោមសហធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP