សិក្ខាសាលាដាក់ឱ្យដំណើរការកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ដំណាក់កាលទី២

២១ កក្កដា ២០២៦

,  

16

Banner
ខេត្តសៀមរាប៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីភាពបើក និងបិទសិក្ខាសាលាដាក់ឱ្យដំណើរការកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ដំណាក់កាលទី២ ដើម្បីបង្កើនលទ្ធភាពផ្តល់សេវាប្រកបដោយគុណភាព បរិយាបន្ន គិតគូរពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងស្រុក និងក្រុងគោលដៅចំនួន ១៨ ក្នុងខេត្តចំនួន ៤ រួមមាន ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តស្ទឹងត្រែង។​
កម្មវិធី “ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងនៅប្រទេសកម្ពុជា ដំណាក់កាលទី២” (ISD II) គឺជាគំនិតផ្តួចផ្តើមមួយរបស់រាជរដ្ឋាភិបាលកម្ពុជា​​ក្នុងការចូលរួម​គាំទ្រដល់ការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយកម្មវិធីនេះ​ទទួលបានហិរញ្ញប្បទានពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) នៃសាធារណរដ្ឋ​សហព័ន្ធអាល្លឺម៉ង់ រួមជាមួយការចូលរួមបដិភាគពីទីភ្នាក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងជំនួយអភិវឌ្ឍន៍លុចសំបួរ(LuxAid)។
ក្នុងឱកាសសិក្ខាសាលានេះ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានមានប្រសាសន៍ឱ្យដឹងថា កម្មវិធី ISD II គឺជាកម្មវិធីនៃកិច្ចសហការរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ ហៅថា GIZ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ តាមរយៈការចូលរួមចំណែកដល់ការកែលម្អការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ការពង្រឹងសមត្ថភាពស្ថាប័ន និងដំណើរការនានានៅរដ្ឋបាលក្រុងស្រុក ការពង្រឹងគណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពមន្ត្រី ព្រមទាំងការរៀបចំគោលនយោបាយនានាគាំទ្រដល់ដំណើរការកែទម្រង់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានអបអរសាទរចំពោះខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង ព្រមទាំងរដ្ឋបាលក្រុង រដ្ឋបាលស្រុកទាំង១៨នៃខេត្តទាំង០៤ ដែលត្រូវបានជ្រើសរើសជារដ្ឋបាលក្រុងស្រុកដៃគូសម្រាប់អនុវត្តកម្មវិធីនេះរយៈពេល០៤ឆ្នាំ គឺចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់ខែធ្នូ ឆ្នាំ២០២៩ ខាងមុខ។
សិក្ខាសាលានេះ មានសមាសភាពអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានអង្គភាព ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត អស់លោក លោកស្រីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងផែនការ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង មន្ទីរជំនាញជុំវិញខេត្តសៀមរាប តំណាងទី​ភ្នាក់ងារស្វីស​សម្រាប់ការ​អភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ​ប្រចាំនៅកម្ពុជា​(SDC) តំណាងស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​​កម្ពុជា តំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កម្មវិធីតាំងទីលំនៅរបស់អង្គការសហប្រជាជាតិ (UNHABITAT) មូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ ការិយាល័យប្រចាំកម្ពុជា (UNCDF) ធនាគាអភិវឌ្ឍអាស៊ី​(ADB) អង្គការសង្គមស៊ីវិល វិស័យឯកជន​ និង​​អ្នកពាក់ព័ន្ធសរុបប្រមាណ ១៥០រូប។
គួរបញ្ជាក់ថា កម្មវិធី ISD II ផ្តោតលើលទ្ធផលការងារសំខាន់ៗចំនួន៥ រួមមាន លទ្ធផលទី១. ការពង្រឹងសមត្ថភាពប្រតិបត្តិការ ២. ការពង្រឹងសមត្ថភាពស្ថាប័នរបស់រដ្ឋបាលស្រុក និងក្រុង ដើម្បីឱ្យអាចរៀបចំផែនការសកម្មភាព និងថវិកាអនុវត្តសេវារដ្ឋបាល ព្រមទាំងជ្រើសរើសសេវាតាមវិស័យ បានកាន់តែប្រសើរ ៣. សេវាទាំងនេះនឹងត្រូវបានរៀបចំ និងចូលរួមពីប្រជាពលរដ្ឋ តាមរយៈយន្តការ គណនេយ្យភាព ​ ៤. លក្ខខណ្ឌគាំទ្រសម្រាប់ការកែលម្អការផ្តល់សេវា នឹងត្រូវបានពង្រឹងបន្ថែមតាមរយៈការបង្កើតបណ្តាញសិក្សារៀនសូត្រពីគ្នា (peer-learning networks) និងការអភិវឌ្ឍវគ្គបណ្តុះបណ្តាលជាប្រព័ន្ធ និងលទ្ធផលទី៥. ការពិនិត្យឡើងវិញ និងការអនុវត្តគោលនយោបាយ (ឧទាហរណ៍ តាមរយៈគោលការណ៍ណែនាំ និងសៀវភៅណែនាំ)៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP