២៧ តុលា ២០២៦
គោលបំណងនៃក្របខ័ណ្ឌ
១. គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទ
និងការវិនិយោគប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍ (RISING) បានទទួលហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
(AIIB) ដោយមានការចូលរួមថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា
(RGC) និងអនុវត្តដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
(NCDDS)។ គម្រោងនេះនឹងផ្តល់ហិរញ្ញប្បទានសម្រាប់ការស្តារឡើងវិញនូវផ្លូវជនបទ ប្រព័ន្ធប្រឡាយជើងក្អែប
និងប្រព័ន្ធស្រោចស្រពក្នុងស្រែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ
និងសំណង់នានាដែលគ្រប់គ្រងដោយរដ្ឋបាលឃុំ នៅក្នុងឃុំចំនួន ១១៧ ក្នុងខេត្តចំនួន ៧។ ទន្ទឹមគ្នានេះ
គម្រោងក៏នឹងផ្ដោតលើការពង្រឹងស្ថាប័នរដ្ឋបាលឃុំ
និងរដ្ឋបាលស្រុកផងដែរ។ ការកំណត់ និងការជ្រើសរើសអនុគម្រោងនានា
នឹងត្រូវធ្វើឡើងដោយផ្អែកលើកម្មវិធីវិនិយោគឃុំនៅក្នុងកំលុងពេលអនុវត្ត
ដូច្នេះហើយ ទីតាំង ការរចនាប្លង់បច្ចេកទេស និងទំហំរបស់អនុគម្រោង មិនទាន់អាចកំណត់បានច្បាស់លាស់នៅក្នុងដំណាក់កាលវាយតម្លៃគម្រោងឡើយ។
អាស្រ័យហេតុនេះ ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMPF) នេះ
ត្រូវបានរៀបចំឡើងដើម្បីកំណត់នូវនីតិវិធីនានាសម្រាប់ការពិនិត្យជ្រើសរើស
ការចាត់ថ្នាក់ ការវាយតម្លៃ ការកំណត់វិធានការកាត់បន្ថយផលប៉ះពាល់
ការតាមដានត្រួតពិនិត្យ និងការរៀបចំរបាយការណ៍លើអនុគម្រោងនីមួយៗ ដើម្បីធានាថាគម្រោងនេះអនុលោមតាមក្របខ័ណ្ឌបរិស្ថាន
និងសង្គមរបស់ AIIB (ESF ឆ្នាំ២០២៤)
និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ឯកសារនេះមានភ្ជាប់មកជាមួយនូវក្របខ័ណ្ឌផែនការការតាំងទីលំនៅថ្មី (RPF) ក្របខ័ណ្ឌផែនការជនជាតិដើមភាគតិច
(IPPF) និងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ
(SEP)។
ក្របខ័ណ្ឌនេះក៏ត្រូវបានកែសម្រួលឡើងវិញ ដើម្បីបញ្ចូលមតិយោបល់
និងអនុសាសន៍របស់ក្រុមការងារពិនិត្យរបស់ AIIB
ផងដែរ។
២. ក្របខ័ណ្ឌ ESMPF ត្រូវបានរៀបចំឡើងដោយមាន
៨ជំពូក និងឧបសម្ព័ន្ធចំនួន ១៣។ ជំពូកទី១ ដល់ទី៣
ពិពណ៌នាអំពីគម្រោង វិសាលភាពនៃក្របខ័ណ្ឌ
និងមូលដ្ឋានបទប្បញ្ញត្តិ និងច្បាប់ពាក់ព័ន្ធនានា។ ជំពូកទី៤ និងទី៥ បង្ហាញអំពីការរៀបចំស្ថាប័ន
និងនីតិវិធីជាជំហានៗសម្រាប់ការអនុវត្តក្របខ័ណ្ឌនេះចំពោះអនុគម្រោងនីមួយៗ។
ជំពូកទី៦ ធ្វើការវាយតម្លៃផលប៉ះពាល់ដែលអាចកើតមានពីប្រភេទអនុគម្រោងទាំងបី។
ចំណែក ជំពូកទី៧ និងទី៨ ពិពណ៌នាអំពីយន្តការដោះស្រាយបណ្តឹងតវ៉ា
ការផ្សព្វផ្សាយព័ត៌មាន និងការចូលរួមរបស់ភាគីពាក់ព័ន្ធ។ ផ្នែកឧបសម្ព័ន្ធនានាមានភ្ជាប់មកជាមួយនូវឧបករណ៍អនុវត្តការងារ
រួមមាន បញ្ជីហាមឃាត់ ឬមិនអនុញ្ញាតឱ្យទទួលហិរញ្ញប្បទាន បញ្ជីផ្ទៀងផ្ទាត់សម្រាប់ការពិនិត្យជ្រើសរើសអនុគម្រោង
តារាងម៉ាទ្រីសសម្រាប់ការតាមដានត្រួតពិនិត្យ
ក្រមប្រតិបត្តិបរិស្ថាន និងសង្គម (ESCoP) និងគំរូនៃផែនការគ្រប់គ្រងបរិស្ថាន
និងសង្គម (ESMP)។
ជំពូកទី១៖
ការពិពណ៌នាអំពីគម្រោង
៣. គោលបំណងនៃការអភិវឌ្ឍគម្រោង
គឺធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជននៅជនបទកាន់តែប្រសើរឡើង និងពង្រឹងភាពធន់របស់សហគមន៍ តាមរយៈកំណើនសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព
និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់។ គោលបំណងនេះនឹងសម្រេចបានតាមរយៈលទ្ធផលសំខាន់ៗចំនួន ៣ គឺ៖ (១) ការកែលម្អ
និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានានៅជនបទ ដែលរួមមាន
ការកែលម្អផ្លូវជនបទដែលមានស្រាប់ឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
ដោយរក្សាទីតាំង និងគន្លងផ្លូវដដែល ការស្តារឡើងវិញនូវប្រឡាយធារាសាស្ត្ររង
និងប្រឡាយធារាសាស្ត្រកម្រិតបី ស្រះទឹកសហគមន៍ និងសំណង់គ្រប់គ្រងទឹក ព្រមទាំងការជួសជុលឡើងវិញនូវអគារមត្តេយ្យសិក្សា
និងអគាររដ្ឋបាលឃុំ (២) ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលឃុំ
និងស្រុក តាមរយៈការរៀបចំផែនការដោយមានការចូលរួម
ការប្រើប្រាស់ឧបករណ៍ឌីជីថល និងអភិបាលកិច្ចដែលឆ្លើយតបនឹងតម្រូវការ
និងតួនាទីរបស់យេនឌ័រ និង
(៣)
ការពង្រឹងការគ្រប់គ្រង ការសម្របសម្រួល និងប្រព័ន្ធចំណេះដឹងរបស់គម្រោង។ គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ
១លាននាក់ នៅក្នុងឃុំគោលដៅ ដោយផ្តល់អាទិភាពដល់ស្ត្រី គ្រួសារក្រីក្រ (ID Poor) និងពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃ។
៤. ខេត្តទាំង ៧ រួមមាន ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ
សៀមរាប ព្រះវិហារ និងខេត្តកណ្ដាល។ ខេត្តចំនួន ៥ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ
ខេត្តចំនួន ៣ ស្ថិតនៅតំបន់វាលទំនាបលិចទឹកនៃបឹងទន្លេសាប និងខេត្តកណ្ដាលដែលព័ទ្ធជុំវិញរាជធានីភ្នំពេញ
ស្ថិតនៅតំបន់វាលទំនាបលិចទឹកនៃទន្លេមេគង្គ និងទន្លេបាសាក់។
ជំពូកនេះនឹងរៀបរាប់អំពីជីវៈចម្រុះ និងធនធានវប្បធម៌របស់ខេត្តនីមួយៗ ក្នុងនោះរួមមាន
តំបន់ប្រើប្រាស់ចម្រុះសំឡូត តំបន់ទេសភាពការពារអាងត្រពាំងថ្ម
ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព
និងព្រះវិហារ ព្រមទាំងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។
ជំពូកនេះក៏បញ្ជាក់ផងដែរថា គ្មានអនុគម្រោងណាមួយនឹងត្រូវអនុវត្តនៅក្នុងតំបន់ព្រំដែនមានជម្លោះ
ឬបង្កផលប៉ះពាល់ដល់ផ្លូវទឹកអន្តរជាតិនោះឡើយ។
៥. នៅក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់គម្រោង កំណត់ឱ្យគណៈកម្មាធិការដឹកនាំគម្រោងគឺជាស្ថាប័នថ្នាក់លើនៃលេខាធិការដ្ឋាន
គ.ជ.អ.ប. ដែលដើរតួនាទីជាស្ថាប័នអនុវត្តគម្រោង។ អង្គភាពគ្រប់គ្រងគម្រោង (PMU) ប្រចាំនៅរាជធានីភ្នំពេញ
និងមានអង្គភាពគ្រប់គ្រងបរិស្ថាន និងសង្គម (ESMU)
ជាអ្នកគ្រប់គ្រងការអនុវត្តគម្រោង និងសម្របសម្រួលសំខាន់ជាមួយធនាគារ AIIB។ ក្រុមការងារថ្នាក់ខេត្ត
(PWGs) ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត
ទទួលខុសត្រូវលើការគ្រប់គ្រងអនុគម្រោងនៅថ្នាក់ខេត្ត
និងការត្រួតពិនិត្យអ្នកទទួលការសាងសង់។ ចំណែកឯ ទីប្រឹក្សារៀបចំការរចនា
និងត្រួតពិនិត្យ (DSC) ទទួលខុសត្រូវលើការរៀបចំគំនូសប្លង់បច្ចេកទេសលម្អិត
និងការត្រួតពិនិត្យការសាងសង់។ អ្នកជំនាញផ្នែកវិធានការការពារបរិស្ថាន
និងសង្គមរបស់ទីប្រឹក្សាអនុវត្តគម្រោង (PIC)
ផ្តល់ការគាំទ្រដល់ PMU
លើការអនុលោមតាមតម្រូវការ ការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងបណ្តឹងតវ៉ា។ ចំណែកអ្នកទទួលការសាងសង់មានភារកិច្ចអនុវត្តឯកសារវិធានការការពារបរិស្ថាន
និងសង្គមជាក់លាក់តាមទីតាំងសាងសង់នីមួយៗ។ ដោយឡែក អាជ្ញាធរឃុំ សង្កាត់
និងសហគមន៍នឹងចូលរួមក្នុងការពិគ្រោះយោបល់ និងអាចលើកឡើងនូវកង្វល់នានាតាមរយៈយន្តការដោះស្រាយបណ្តឹងតវ៉ា។
ជំពូកទី២៖ ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាន
និងសង្គម
៦. ជំពូកនេះកំណត់អំពីវិសាលភាព គោលបំណង និងការអនុវត្តក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាន
និងសង្គម (ESMPF)។
ធនាគារ AIIB បានចាត់ថ្នាក់គម្រោងនេះជាប្រភេទ
B ដោយផ្អែកលើមូលដ្ឋានដែលអនុគម្រោងនានាមានទំហំតូច រាយប៉ាយនៅតាមទីតាំងផ្សេងៗ
និងភាគច្រើនផ្តោតលើការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ គោលនយោបាយបរិស្ថាន និងសង្គមរបស់ធនាគារ AIIB បញ្ជីហាមឃាត់ពីការគាំទ្រតាមផ្នែកបរិស្ថាន និងសង្គម (ESEL) និងស្តង់ដារបរិស្ថាន និងសង្គមទី១ (ការវាយតម្លៃ និងការគ្រប់គ្រង) ទី២
(ការទទួលបានដីធ្លី និងការតាំងទីលំនៅថ្មីដោយបង្ខំ) និងទី៣
(ជនជាតិដើមភាគតិច) នឹងត្រូវអនុវត្តចំពោះគម្រោងនេះ។ គោលនយោបាយរបស់ AIIB ស្តីពីយន្តការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគម្រោង
ក៏ត្រូវអនុវត្តផងដែរ។
៧. គម្រោងនឹងផ្តល់ហិរញ្ញប្បទានតែចំពោះអនុគម្រោងប្រភេទ
B និងប្រភេទ
C ប៉ុណ្ណោះ។
អនុគម្រោងប្រភេទ B តម្រូវឱ្យមានការវាយតម្លៃបរិស្ថាន
និងសង្គមដែលសមាមាត្រទៅនឹងកម្រិតហានិភ័យ និងការរៀបចំផែនការគ្រប់គ្រងបរិស្ថាន
និងសង្គម (ESMP) ជាទម្រង់សង្ខេប។
ចំពោះអនុគម្រោងប្រភេទ C ត្រូវអនុវត្តតាមក្រមប្រតិបត្តិបរិស្ថាន
និងសង្គម (ESCoP) ទូទៅ។
អនុគម្រោងណាដែលមានហានិភ័យក្នុងកម្រិតដែលតម្រូវឱ្យចាត់ថ្នាក់ជាប្រភេទ A នឹងត្រូវដកចេញពីការពិចារណាសម្រាប់ការផ្តល់ហិរញ្ញប្បទាន។ ក្របខ័ណ្ឌនេះត្រូវអនុវត្តពេញមួយវដ្តនៃអនុគម្រោង ចាប់ពីដំណាក់កាលកំណត់អត្តសញ្ញាណ
ការពិនិត្យជ្រើសរើស ការរៀបចំគំនូសប្លង់ ការសាងសង់
រហូតដល់ដំណាក់កាលប្រតិបត្តិការ។ ក្របខ័ណ្ឌនេះក៏គ្របដណ្តប់លើតំបន់ដែលទទួលឥទ្ធិពលពីអនុគម្រោងនីមួយៗ
រួមទាំងរណ្តៅខ្ចីយកដី និងសម្ភារៈសំណង់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងទៀត។
ឯកសារវិធានការការពារបរិស្ថាន និងសង្គមទាំងអស់ត្រូវទទួលបានការអនុម័តពីធនាគារ AIIB និងត្រូវផ្សព្វផ្សាយជាសាធារណៈមុនពេលប្រគល់កិច្ចសន្យា។
ជំពូកនេះក៏កំណត់អំពីកាតព្វកិច្ចរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងនាមជាស្ថាប័នអនុវត្តគម្រោង
រួមមាន ការអនុលោមតាមច្បាប់ការងារ ការធានាការផ្ដល់ប្រាក់ឈ្នួលស្មើគ្នាចំពោះការងារដែលមានតម្លៃស្មើគ្នា
ការហាមឃាត់ពលកម្មកុមារ និងពលកម្មដោយបង្ខំ
ព្រមទាំងការបណ្តុះបណ្តាលប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ដើម្បីឱ្យពួកគេអាចចូលរួមក្នុងការងារសំណង់ស៊ីវិល និងការថែទាំហេដ្ឋារចនាសម្ព័ន្ធ។
ជំពូកទី ៣៖
តម្រូវការបទប្បញ្ញត្តិ គោលការណ៍នៃគោលនយោបាយសុវត្ថិភាព និងគោលបំណងនានា
៨. ជំពូកនេះពិនិត្យឡើងវិញនូវក្របខ័ណ្ឌគតិយុត្តថ្នាក់ជាតិ
និងធ្វើការប្រៀបធៀបទៅនឹងស្តង់ដាររបស់ធនាគារ AIIB។
ចំពោះផ្នែកបរិស្ថាន ជំពូកនេះគ្របដណ្តប់លើក្រមបរិស្ថាន និងធនធានធម្មជាតិ
ដែលចូលជាធរមានចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤
ប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៤តំបន់ អនុក្រឹត្យលេខ ៧២
ស្តីពីដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងប្រកាសលេខ ៣៥៩១/០៥២៥ ចុះខែឧសភា ឆ្នាំ២០២៥
ដែលចាត់ថ្នាក់សកម្មភាពអភិវឌ្ឍន៍តាមប្រភេទ
និងទំហំ ព្រមទាំងកំណត់ថា តើត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង (Initial EIA) ឬកិច្ចសន្យាការពារបរិស្ថាន
ដែរឬទេ។ កម្រិតកំណត់ដែលមានចែងក្នុងប្រកាសដែលពាក់ព័ន្ធនឹងគម្រោង RISING ត្រូវបានដកស្រង់មកបង្ហាញនៅក្នុងជំពូកនេះ។
លេខាធិការដ្ឋាន គ.ជ.អ.ប.
ប្តេជ្ញាពិនិត្យជ្រើសរើសអនុគម្រោងនីមួយៗ ដោយផ្អែកលើលក្ខខណ្ឌកំណត់ទាំងនេះ និងស្នើសុំការអនុម័តតាមនីតិវិធីពីស្ថាប័នថ្នាក់ជាតិ
មុនពេលចាប់ផ្តើមការដ្ឋានសាងសង់។
ជំពូកនេះក៏សង្ខេបអំពីអនុក្រឹត្យពាក់ព័ន្ធនឹងការបំពុលខ្យល់ និងសំឡេង ការបំពុលទឹក
សំណល់រឹង និងព្រៃឈើ ស្តង់ដារជាតិស្តីពីការបញ្ចេញសំណល់រាវ និងសំឡេង និងគោលនយោបាយស្តីពីការប្រែប្រួលអាកាសធាតុ
ព្រមទាំងអនុសញ្ញាអន្តរជាតិស្ដីពីបរិស្ថានដែលកម្ពុជាជាភាគីហត្ថលេខី។
៩. ចំពោះផ្នែកសង្គម
ជំពូកនេះគ្របដណ្តប់លើច្បាប់ភូមិបាល ឆ្នាំ២០០១ ច្បាប់ស្តីពីអស្សាមិករណ៍ ឆ្នាំ២០១០
និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការទទួលបានដីធ្លី
និងការតាំងទីលំនៅថ្មីដោយបង្ខំ (អនុក្រឹត្យលេខ ២២ ឆ្នាំ២០១៨)
ដែលកំណត់ឱ្យគណៈកម្មាធិការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ពីការតាំងទីលំនៅថ្មី
និងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ពីការតាំងទីលំនៅថ្មី (GDR) ទទួលខុសត្រូវលើការទទួលបានដីធ្លីជាកំហិតណាមួយ។
បន្ថែមពីនេះ ជំពូកនេះក៏មានរៀបរាប់អំពីច្បាប់ស្តីពីការងារ
ប្រកាសស្តីពីពលកម្មកុមារក្នុងការងារដែលមានគ្រោះថ្នាក់ និងការងារស្រាល
ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងសិទ្ធិជនមានពិការភាព ក៏ដូចជាគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច
និងគោលនយោបាយស្តីពីការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចផងដែរ។
១០. ការវាយតម្លៃគម្លាតបានសន្និដ្ឋានថា ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋបាលភិបាលកម្ពុជា មានភាពស្របគ្នាជាទូទៅជាមួយស្តង់ដារទាំងបីរបស់ AIIB។ គម្លាតសំខាន់ៗមាននៅក្នុងស្តង់ដារបរិស្ថាន និងសង្គមទី១ (ESS 1) ដែលប្រព័ន្ធវាយតម្លៃហេតុប៉ះពាល់បរិស្ថានថ្នាក់ជាតិត្រូវបានរៀបចំឡើងសម្រាប់គម្រោងនីមួយៗដែលមានទំហំលើសពីកម្រិតកំណត់ប៉ុណ្ណោះ ហើយមិនទាន់មានតម្រូវការជាក់លាក់មួយចំនួនដែលមានចែងក្នុង ESS 1 និងនៅលើស្តង់ដារបរិស្ថាន និងសង្គមទី៣ (ESS 3) ដែលការទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិចក្នុងគោលនយោបាយ មិនទាន់មាននីតិវិធីប្រតិបត្តិលម្អិតគាំទ្រនៅឡើយ។ គម្លាតទាំងនេះត្រូវបានដោះស្រាយតាមរយៈនីតិវិធីដែលមានចែងក្នុងក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMPF) នេះ និងតាមរយៈក្របខ័ណ្ឌផែនការជនជាតិដើមភាគតិច (IPPF) របស់គម្រោង ដែលត្រូវបានរៀបចំឡើងដោយផ្អែកលើស្តង់ដារ ESS 3។ ការវាយតម្លៃលម្អិតតាមចំណុចនីមួយៗត្រូវបានបង្ហាញនៅក្នុងឧបសម្ព័ន្ធទី៣។
ជំពូកទី៤៖ ការរៀបចំការអនុវត្ត
១១. ក្របខ័ណ្ឌនេះមានចំនួន ៤ផ្នែក រួមមាន៖ ការពិនិត្យជ្រើសរើស និងការកំណត់តម្រូវការវាយតម្លៃ វិធានការកាត់បន្ថយផលប៉ះពាល់ និងឯកសារឧបករណ៍ពាក់ព័ន្ធ ការអនុវត្តតម្រូវការនៃក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាន
និងសង្គម (ESMPF) និងការតាមដានត្រួតពិនិត្យ ការចុះត្រួតពិនិត្យ និងការរៀបចំរបាយការណ៍។ អង្គភាពគ្រប់គ្រងបរិស្ថាន និងសង្គម (ESMU) ដែលស្ថិតនៅក្នុងអង្គភាពគ្រប់គ្រងគម្រោង (PMU) មានបុគ្គលិកបច្ចេកទេសចំនួន
៣រូប ដោយមានការគាំទ្រពីទីប្រឹក្សាផ្នែកគោលនយោបាយសុវត្ថិភាពបរិស្ថាន និងសង្គម និងមានតួនាទីសម្របសម្រួលដំណើរការទាំងមូល។ ទីប្រឹក្សារៀបចំការរចនា និងត្រួតពិនិត្យ (DSC) មានភារកិច្ចរៀបចំឯកសារវិធានការការពារបរិស្ថាន និងសង្គមសម្រាប់អនុគម្រោងនីមួយៗ និងត្រួតពិនិត្យការសាងសង់។ ចំណែកឯក្រុមការងារថ្នាក់ខេត្ត (PWG) នីមួយៗមានមន្ត្រី
១រួប ដែលទទួលខុសត្រូវលើការអនុលោមតាមតម្រូវការវិធានការការពារបរិស្ថាន និងសង្គម។ ក្នុងករណីដែលត្រូវការរៀបចំផែនការតាំងទីលំនៅថ្មី PMU នឹងសម្របសម្រួលជាមួយអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ពីការតាំងទីលំនៅថ្មី (GDR) និងគណៈកម្មាធិការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ពីការតាំងទីលំនៅថ្មី។ កម្មវិធីពង្រឹងសមត្ថភាពដែលមានរចនាសម្ព័ន្ធច្បាស់លាស់ នឹងត្រូវអនុវត្តក្នុងឆ្នាំដំបូង ដោយរួមមាន ការផ្សព្វផ្សាយនូវឯកសារឧបករណ៍វិធានការការពារបរិស្ថាន និងសង្គម ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមន្ត្រី លេខាធិការដ្ឋាន
គ.ជ.អ.ប. និង ក្រុមការងារថ្នាក់ខេត្ត ស្ដីពីការពិនិត្យជ្រើសរើសអនុគម្រោង លក្ខខណ្ឌការងារ សុខភាព និងសុវត្ថិភាពការងារ (OHS) ការបញ្ជ្រាបយេនឌ័រ នីតិវិធីដោះស្រាយបណ្តឹងតវ៉ា និងការងារជនជាតិដើមភាគតិច ព្រមទាំងសិក្ខាសាលាណែនាំសម្រាប់អ្នកទទួលការសាងសង់។ ការបណ្តុះបណ្តាលនឹងរៀបចំឡើងប្រចាំឆមាស និងមានវគ្គបណ្តុះបណ្តាលរំឭក
មុនពេលឈានដល់ដំណាក់កាលសាងសង់សំខាន់ៗ។
ជំពូកទី៥៖ ការអនុវត្តក្របខណ្ឌផែនការគ្រប់គ្រងបរិស្ថាន
និងសង្គម
១២. ជំពូកនេះបង្ហាញអំពីនីតិវិធីនៃអនុគម្រោង និងជាផ្នែកដែលបានបញ្ចូលមតិយោបល់ពិនិត្យឡើងវិញពីក្រុមការងារត្រួតពិនិត្យរបស់ធនាគារ AIIB យ៉ាងពេញលេញបំផុត។ អនុគម្រោងនីមួយៗត្រូវឆ្លងកាត់ដំណាក់កាលជាបន្តបន្ទាប់ ដូចខាងក្រោម៖
១. ការពិនិត្យជ្រើសរើសដោយផ្អែកលើបញ្ជីហាមឃាត់ពីការគាំទ្រផ្នែកបរិស្ថាន និងសង្គមរបស់ធនាគារ AIIB (ESEL) និងលក្ខណវិនិច្ឆ័យដកស្រង់ចេញពីគម្រោង
២. ការពិនិត្យជ្រើសរើសតាមតម្រូវការពាក់ព័ន្ធនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងការផ្តល់លិខិតអនុញ្ញាតរបស់កម្ពុជា
៣. ការពិនិត្យបឋមរហ័សផ្នែកបរិស្ថាន និងសង្គម (RESA) ទៅលើទីតាំង អ្នកទទួលផលប៉ះពាល់ ទំហំ និងកម្រិតនៃផលប៉ះពាល់
៤. ការពិនិត្យជ្រើសរើសហានិភ័យអាកាសធាតុ
៥. ការពិនិត្យជ្រើសរើសលើការទទួលបានដីធ្លី និងការតាំងទីលំនៅថ្មីដោយបង្ខំ
និង
៦. ការពិនិត្យជ្រើសរើសពាក់ព័ន្ធនឹងជនជាតិដើមភាគតិច។
ដំណើរការពិនិត្យជ្រើសរើស និងការសម្រេចចិត្តត្រូវបានបង្ហាញនៅក្នុងរូបភាពទី២ ដែលក្នុងនោះ លទ្ធផលចំនួន
៤ ត្រូវបានកំណត់ ដូចខាងក្រោម៖
·
មិនមានសិទ្ធិទទួលបានហិរញ្ញប្បទាន៖ ក្នុងករណីដែលអនុគម្រោងមិនបំពេញលក្ខណវិនិច្ឆ័យណាមួយសម្រាប់ការអនុវត្ត ឬត្រូវបានប៉ះពាល់ដោយលក្ខខណ្ឌដកចេញពីគម្រោង
·
ចំណាត់ថ្នាក់ប្រភេទ B ជាមួយឯកសារតាមតម្រូវការជាតិ និងការអនុម័ត រួមទាំងផែនការគ្រប់គ្រងបរិស្ថាន និងសង្គមរបស់ធនាគារ AIIB៖ ក្នុងករណីដែលអនុគម្រោងស្ថិតក្រោមតម្រូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថានរបស់ថ្នាក់ជាតិ
·
ចំណាត់ថ្នាក់ប្រភេទ
B ជាមួយនឹងផែនការគ្រប់គ្រងបរិស្ថាន និងសង្គមជាទម្រង់សង្ខេប៖ ក្នុងករណីដែលមានហានិភ័យកម្រិតមធ្យម និងជាក់លាក់តាមទីតាំង ដែលតម្រូវឱ្យមានវិធានការកាត់បន្ថយផលប៉ះពាល់ ឬការតាមដានត្រួតពិនិត្យដែលរៀបចំឱ្យសមស្របតាមស្ថានភាពជាក់ស្ដែង
·
ចំណាត់ថ្នាក់ប្រភេទ
C ជាមួយនឹងក្រមប្រតិបត្តិបរិស្ថាន និងសង្គម៖ ក្នុងករណីដែលផលប៉ះពាល់មានកម្រិតតិចតួច កើតឡើងក្នុងរយៈពេលខ្លី អាចព្យាករណ៍បាន និងងាយស្រួលក្នុងការសម្រាលផលប៉ះពាល់ ហើយមិនមានលក្ខខណ្ឌបង្កហានិភ័យពាក់ព័ន្ធនឹងទីតាំងងាយរងគ្រោះ ឬផលប៉ះពាល់លើដីធ្លីឡើយ។
ទម្រង់បែបបទនៃការពិនិត្យបឋមរហ័សផ្នែកបរិស្ថាន
និងសង្គម (RESA) ត្រូវកត់ត្រានូវមូលដ្ឋាននៃការសម្រេចចិត្ត ឈ្មោះអ្នករៀបចំ អ្នកត្រួតពិនិត្យ កាលបរិច្ឆេទ និងការអនុម័ត។
១៣. តារាងបែងចែកការទទួលខុសត្រូវរួម (តារាងទី៨) បានកំណត់ជំហានចំនួន១០ ដោយបែងចែកអង្គភាពដឹកនាំ និងអង្គភាពគាំទ្រនីមួយៗ ព្រមទាំងលទ្ធផលដែលត្រូវសម្រេចឱ្យបានច្បាស់លាស់ រួមមាន៖
·
ការពិនិត្យជ្រើសរើសដំបូង៖ ធ្វើឡើងដោយអ្នកជំនាញវិធានការការពារបរិស្ថាន និងសង្គមរបស់ទីប្រឹក្សារៀបចំការរចនា
និងការត្រួតពិនិត្យ
(DSC) ដោយមានការគាំទ្រពីក្រុមការងារថ្នាក់ខេត្ត
·
ការផ្តល់អនុសាសន៍លើការចាត់ថ្នាក់៖ ដោយអ្នកជំនាញរបស់ DSC/PIC
·
ការពិនិត្យ និងអនុម័ត៖ ដោយ PMU ព្រមទាំងការពិនិត្យពីធនាគារ
AIIB ក្នុងករណីចាំបាច់
·
ការរៀបចំផែនការ ESMP ជាទម្រង់សង្ខេប៖ ដោយអ្នកជំនាញដែលមានលក្ខណសម្បត្តិសមស្រប
និងត្រូវបានតែងតាំងដោយគម្រោង ឬទីប្រឹក្សា
DSC
·
ការដាក់បញ្ចូលតម្រូវការរបស់ផែនការ ESMP និងក្រុម ESCoP ទៅក្នុងឯកសារដេញថ្លៃ និងឯកសារកិច្ចសន្យា៖
ដោយក្រុមការងារលទ្ធកម្មរបស់ PMU
·
ការអនុវត្ត៖ ដោយអ្នកទទួលការសាងសង់ និងអង្គភាពទទួលខុសត្រូវពាក់ព័ន្ធ
·
ការត្រួតពិនិត្យប្រចាំថ្ងៃ៖ ដោយទីប្រឹក្សា DSC
·
ការតាមដានការអនុលោមតាមតម្រូវការ និងការរៀបចំរបាយការណ៍ដោយ PMU និង PIC
·
ការជូនដំណឹងអំពីឧប្បត្តិហេតុ៖ ពីអ្នកទទួលការសាងសង់ តាមរយៈទីប្រឹក្សា DSC ទៅកាន់ PMU ដោយក្នុងនោះ ឧប្បត្តិហេតុធ្ងន់ធ្ងរត្រូវរាយការណ៍ទៅធនាគារ
AIIB ក្នុងរយៈពេល ៤៨ម៉ោង និង
·
ការអនុម័តវិធានការកែតម្រូវ និងការតាមដានការអនុវត្ត៖
ដោយ PMU និង PIC។
១៤. ជំពូកនេះក៏រាយបញ្ជីសកម្មភាពចំណាត់ថ្នាក់ប្រភេទ A ដែលត្រូវបានដកចេញពីការផ្តល់ហិរញ្ញប្បទាន ក្នុងនោះរួមមាន ការងារសាងសង់នៅក្នុងតំបន់ការពារធនធានធម្មជាតិ ឬទីជម្រកសំខាន់ៗរបស់ជីវចម្រុះ ការបង្កផលប៉ះពាល់លើបេតិកភណ្ឌវប្បធម៌ ការផ្លាស់ទីលំនៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ ឬការបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើប្រជាពលរដ្ឋលើសពី ២០០នាក់ ការសាងសង់ទំនប់ថ្មី ឬការស្តារទំនប់ដែលមានស្រាប់ឡើងវិញ និងសកម្មភាពនៅក្នុងតំបន់មានជម្លោះ ឬលើផ្លូវទឹកអន្តរជាតិ។
ការពិនិត្យជ្រើសរើសហានិភ័យអាកាសធាតុ នឹងផ្តល់ពិន្ទុដល់អនុគម្រោងនីមួយៗដោយផ្អែកលើទីតាំង សម្ភារៈ និងការថែទាំ ព្រមទាំងប្រសិទ្ធភាពនៃការអនុវត្ត។ ប្លង់ទាំងអស់ត្រូវបញ្ចូលលក្ខណៈពិសេសដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដូចជា ការពង្រឹងទំនប់ដីដោយប្រើវិធីសាស្ត្រជីវវិស្វកម្ម និងការរចនាប្រព័ន្ធបង្ហូរទឹកឱ្យមានសមត្ថភាពទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំងកម្រិតធ្ងន់ធ្ងរ។
ការទទួលបានដីធ្លីមិនរំពឹងថានឹងមាននឹងកើតមាននោះទេ ដោយហេតុថា ផ្លូវ និងប្រឡាយនឹងត្រូវស្តារឡើងវិញនៅក្នុងគន្លងដីចំណីដែលមានស្រាប់។ ទោះជាយ៉ាងណា ផលប៉ះពាល់តិចតួចលើច្រកចូលផ្ទះ ដំបូលផ្ទះ ដើមឈើ និងដំណាំ នឹងត្រូវដោះស្រាយតាមក្របខ័ណ្ឌគោលនយោបាយស្តីពីការទទួលបានដីធ្លី និងការតាំងទីលំនៅថ្មីដោយបង្ខំ (RPF)។ ការបរិច្ចាគដីដោយស្ម័គ្រចិត្តនឹងត្រូវទទួលយកតែក្នុងករណីដែលម្ចាស់ដីបានទទួលព័ត៌មានពេញលេញ ដីដែលបរិច្ចាគមានទំហំតិចតួច (តិចជាង ៥% នៃដីដែលប្រើប្រាស់សម្រាប់ផលិតកម្ម) មិនមានការផ្លាស់ទីលំនៅ និងម្ចាស់ដីទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ប៉ុណ្ណោះ។ អនុគម្រោងទាំងឡាយដែលតម្រូវឱ្យមានការផ្លាស់ទីលំនៅជាក់ស្តែង នឹងត្រូវបានដកចេញពីគម្រោង។ អ្នកទទួការសាងសង់ត្រូវផ្តល់អាទិភាពដល់ការជួលកម្លាំងពលកម្មក្នុងមូលដ្ឋាន ដោយកំណត់គោលដៅឱ្យស្ត្រី និងជនងាយរងគ្រោះមានចំនួនយ៉ាងតិច ៣០% ព្រមទាំងធានាប្រាក់ឈ្នួលស្មើគ្នាសម្រាប់ការងារដែលមានតម្លៃស្មើគ្នា។
១៥. ការតាមដានត្រួតពិនិត្យត្រូវអនុវត្តតាមរយៈតារាងតាមដានត្រួតពិនិត្យទូទៅមួយ (ឧបសម្ព័ន្ធទី១១) ដែលគ្របដណ្តប់លើប្រព័ន្ធគ្រប់គ្រង និងការអនុលោមតាមតម្រូវការ វិធានការការពារសុវត្ថិភាពសង្គម លក្ខខណ្ឌការងារ សុខភាព
និងសុវត្ថិភាព
និងការគ្រប់គ្រងបរិស្ថាន
ហើយត្រូវកែសម្រួលឱ្យសមស្របទៅតាមអនុគម្រោងនីមួយៗ។ អ្នកទទួលការសាងសង់ត្រូវធ្វើការតាមដានប្រចាំថ្ងៃ និងរាយការណ៍ប្រចាំខែ។ ចំណែកទីប្រឹក្សា DSC ត្រូវផ្ទៀងផ្ទាត់លទ្ធផលតាមរយៈការចុះត្រួតពិនិត្យប្រចាំសប្តាហ៍។ ជាមួយគ្នានេះទីប្រឹក្សា
PIC ត្រូវចុះតាមដានត្រួតពិនិត្យតាមកាលកំណត់ និងបូកសរុបលទ្ធផល។
រីឯង PMU ត្រូវដាក់ជូនធនាគារ AIIB នូវរបាយការណ៍តាមដានត្រួតពិនិត្យវិធានការការពារបរិស្ថាន និងសង្គមប្រចាំឆមាស (SSMR)។
ដោយឡែកអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ពីការតាំងទីលំនៅថ្មី (GDR) ទទួលខុសត្រូវលើការតាមដាន និងរៀបចំរបាយការណ៍អំពីការទទួលបានដីធ្លីដោយបង្ខំណាមួយ។
ជំពូកទី៦៖ ផលប៉ះពាល់បរិស្ថាន
និងសង្គមដែលអាចកើតមាន
១៦. ជំពូកនេះធ្វើការវាយតម្លៃផលប៉ះពាល់សម្រាប់ប្រភេទអនុគម្រោងនីមួយៗ ដោយផ្អែកលើទិន្នន័យមូលដ្ឋាននៃខេត្តនីមួយៗ។ លក្ខខណ្ឌអន្តរវិស័យចំនួន
៤ ដែលជះឥទ្ធិពលដល់លក្ខណៈ
និងកម្រិតហានិភ័យរបស់គម្រោង
រួមមាន៖
·
ការស្តារឡើងវិញក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥៖ ដោយគ្រួសារដែលបានផ្លាស់ទីលំនៅមួយចំនួននៅតែបន្តស្នាក់នៅក្នុងទីតាំងសំណង់បរិក្ខារសហគមន៍មួយចំនួននៅឡើយ
·
ការបំពុលដោយគ្រាប់មីន និងគ្រាប់បែកចង្កោម៖ ខេត្តជាប់ព្រំដែនភាគខាងលិច
និងភាគខាងជើងមានហានិភ័យពីគ្រាប់មីន និងគ្រាប់បែកចង្កោម ដែលតម្រូវឱ្យមានការស្រាវជ្រាវ
និងបោសសម្អាតដោយប្រតិបត្តិករដែលទទួលស្គាល់ពីអាជ្ញាធរមីនកម្ពុជា (CMAA) មុនពេលអនុញ្ញាតឱ្យមានការឈូសសាយជីកដីណាមួយ
·
ការផ្តល់អាជ្ញាបណ្ណ និងការស្តារឡើងវិញនូវរណ្តៅយកអាចម៍ដី និងរណ្ដៅយកថ្ម៖
ត្រូវចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់គម្រោង និង
·
ស្ថានភាពទឹក និងទឹកជំនន់៖ តំបន់ភាគខាងជើងមានទឹកក្រោមដីជ្រៅ និងគុណភាពមិនល្អ ខណៈតំបន់វាលទំនាបលិចទឹកនៃបឹងទន្លេសាប និងទន្លេមេគង្គប្រឈមនឹងទឹកជំនន់ប្រចាំឆ្នាំ។
១៧. ផ្លូវជនបទ៖ ផលប៉ះពាល់ក្នុងដំណាក់កាលសាងសង់
រួមមាន ធូលី សំឡេងរំខាន និងរំញ័រ ការរំខានដល់ប្រព័ន្ធបង្ហូរទឹក និងការកកកុញកំណកដី ការហូរច្រោះដីនៅតំបន់ដែលមានដីល្បាយថ្មបាយក្រៀម និងដីខ្សាច់ ការបាត់បង់ដើមឈើតាមដងផ្លូវ ផលប៉ះពាល់ពីរណ្តៅយកអាចម៍ដី កាកសំណល់ និងសារធាតុគ្រោះថ្នាក់ រួមទាំងលទ្ធភាពដែលអាចមានៃសារធាតុអាសបេស្តូស
នៅក្នុងសំណង់ដែលត្រូវរុះរើ
ការរំខានដល់សត្វព្រៃនៅជិតតំបន់ការពារធម្មជាតិ និងការរកឃើញវត្ថុបុរាណ ឬសំណល់បេតិកភណ្ឌដោយចៃដន្យនៅក្នុងតំបន់អង្គរ និងព្រះវិហារ។ សម្រាប់អនុគម្រោងភាគច្រើន ផលប៉ះពាល់ទាំងនេះមានកម្រិតតិចតួច កើតឡើងក្នុងតំបន់កំណត់ និងមានរយៈពេលខ្លី។ ហានិភ័យសង្គមមិនសូវកើតមានដោយសារបញ្ហាដីធ្លីនោះទេ ប៉ុន្តែភាគច្រើនកើតចេញពីរបៀបជ្រើសរើស និងអនុវត្តអនុគម្រោង ដែលក្នុងនោះរួមមាន ការក្តោបក្តាប់ផលប្រយោជន៍ដោយក្រុមមានឥទ្ធិផល
ក្នុងការជ្រើសរើសអនុគម្រោង
ការមិនរាប់បញ្ចូលគ្រួសារក្រីក្រ
(ID Poor) គ្រួសារដែលមានស្ត្រីជាមេគ្រួសារ គ្រួសារផ្លាស់ទីលំនៅ និងគ្រួសារដែលមិនទាន់បានចុះបញ្ជី ការហូរចូលនៃកម្លាំងពលកម្ម ហានិភ័យនៃការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ និងការបៀតបៀនផ្លូវភេទ (SEA/SH) អំពើហិង្សាផ្អែកលើយេនឌ័រ លក្ខខណ្ឌការងារក្រៅប្រព័ន្ធ បញ្ហាសុវត្ថិភាពសហគមន៍នៅតាមផ្លូវតូចចង្អៀត ផលប៉ះពាល់លើសហគមន៍ជនជាតិដើមភាគតិចកួយនៅខេត្តព្រះវិហារ និងភាគខាងកើតខេត្តឧត្តរមានជ័យ ព្រមទាំងការបាត់បង់លទ្ធភាពចូលទៅកាន់អាជីវកម្មតាមដងផ្លូវជាបណ្តោះអាសន្ន។ ហានិភ័យនីមួយៗត្រូវបានភ្ជាប់ជាមួយវិធានការកាត់បន្ថយផលប៉ះពាល់សមស្រប។ ហានិភ័យដែលកើតឡើងក្នុងដំណាក់កាលជ្រើសរើសអនុគម្រោង ត្រូវដោះស្រាយតាមនីតិវិធីជ្រើសរើសអនុគម្រោង ជាជាងដោះស្រាយតាមរយៈផែនការ ESMP។
១៨. ប្រព័ន្ធធារាសាស្ត្រ៖ ការងារត្រូវបានកំណត់ត្រឹមតែប្រឡាយជើងក្អែប និងប្រឡាយស្រោចស្រពក្នុងស្រែ រចនាសម្ព័ន្ធគ្រប់គ្រងទឹក ផ្លូវបង្ហូរទឹកហូរលើផ្ទៃតាមជ្រោះ និងទំនប់បង្អាក់លំហូរទឹកទាប ស្រះសហគមន៍ ការស្ដារកំណកដីចេញពីព្រែកនៅខេត្តកណ្ដាល និងបណ្តាញបំពង់ទឹកខ្នាតតូចប៉ុណ្ណោះ។ គម្រោង RISING នឹងមិនផ្តល់ហិរញ្ញប្បទានសម្រាប់ការសាងសង់ទំនប់ថ្មី ឬការងារនានាលើទំនប់ដែលមានស្រាប់នោះទេ។
ផលប៉ះពាល់ក្នុងដំណាក់កាលសាងសង់មានលក្ខណៈស្រដៀងនឹងផលប៉ះពាល់ពីការសាងសង់ផ្លូវបន្តកើតឡើងក្នុងបរិស្ថានដែលមានសំណើមខ្ពស់ និងមានទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ីកាន់តែជិតស្និទ្ធ។ ផលប៉ះពាល់ទាំងនេះរួមមាន ការទុកចោលដីសំណល់ពីការជីកកកាយ ការកើនឡើងភាពល្អក់នៃទឹក ការរំខានដល់ការផ្គត់ផ្គង់ទឹកសម្រាប់អ្នកប្រើប្រាស់ដែលមានស្រាប់ ការបាត់បង់រុក្ខជាតិតាមមាត់ប្រឡាយ និងផលប៉ះពាល់ដល់ចរាចរណ៍ត្រីឆ្លងកាត់។ ហានិភ័យក្នុងដំណាក់កាលប្រតិបត្តិការមានសារៈសំខាន់ជាងហានិភ័យដែលពាក់ព័ន្ធនឹងផ្លូវជនបទ រួមមាន ការផ្លាស់ប្តូរតុល្យភាពទឹកដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ទឹកនៅផ្នែកខាងក្រោម និងតំបន់ដីសើម ការជន់លិចដីដោយទឹក និងការកើនឡើងជាតិប្រៃ ការប្រើប្រាស់សារធាតុគីមីកសិកម្មកាន់តែច្រើននៅផ្នែកខាងលើនៃតំបន់ដាំស្រូវសរីរាង្គ និងតំបន់ដីសើមការពារ ព្រមទាំងការកើនឡើងនៃសត្វល្អិតចម្លងជំងឺនៅក្នុងទឹកដែលនៅនឹងកន្លែង។ ហានិភ័យសង្គមសំខាន់ៗ
រួមមាន ការក្តោបក្តាប់ផលប្រយោជន៍ដោយក្រុមមានឥទ្ធិពលក្នុងការរៀបចំប្រព័ន្ធធារាសាស្ត្រ ភាពអយុត្តិធម៌ក្នុងការបែងចែកទឹករវាងអ្នកប្រើប្រាស់នៅផ្នែកក្បាលប្រឡាយ និងចុងប្រឡាយ ជម្លោះពាក់ព័ន្ធនឹងទឹក ការមិនរាប់បញ្ចូលប្រជាពលរដ្ឋពីស្ថាប័នអ្នកប្រើប្រាស់ទឹក និងហានិភ័យការងារ ព្រមទាំងការរំលោភបំពានផ្លូវភេទ
និងការបៀតបៀនផ្លូវភេទ
ដែលកើតមានជាទូទៅក្នុងការដ្ឋានសំណង់ទាំងអស់។ អនុគម្រោងនីមួយៗត្រូវមានកិច្ចព្រមព្រៀងស្តីពីការបែងចែកទឹក និងវិធានប្រតិបត្តិការ ដែលបានព្រមព្រៀងជាមួយក្រុមអ្នកប្រើប្រាស់ទឹកទាំងអស់ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មុនពេលចាប់ផ្តើមការសាងសង់។
១៩. សំណង់បរិក្ខារឃុំ សង្កាត់៖ ការជួសជុលកែលម្អអគារមត្តេយ្យសិក្សា និងអគាររដ្ឋបាលឃុំសង្កាត់នៅលើទីតាំងឃុំ
សង្កាត់ដែលមានស្រាប់
មានផលប៉ះពាល់បរិស្ថានត្រឹមកម្រិតតិចតួចប៉ុណ្ណោះ ដោយគ្រាន់តែត្រូវយកចិត្តទុកដាក់ជាពិសេសលើដំបូលស៊ីម៉ង់ត៍អាសបេស្តូសនៅក្នុងអគារចាស់ៗ ការជ្រើសរើសទីតាំងដែលធន់នឹងទឹកជំនន់ និងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO)។ ហានិភ័យសង្គមចំនួន
២ ត្រូវបានចាត់ថ្នាក់ក្នុងកម្រិតមធ្យម និងត្រូវកំណត់ជាលក្ខខណ្ឌសម្រាប់ការអនុម័តអនុគម្រោង រួមមាន
១) ការងារសាងសង់នៅតាមមត្តេយ្យសិក្សាដែលនៅបន្តដំណើរការ៖ ត្រូវរៀបចំកាលវិភាគការងារក្នុងកំលុងពេលវិស្សមកាលសាលា ឬរៀបចំការផ្លាស់ទីសិក្សាបណ្តោះអាសន្ន ព្រមទាំងបាំងតំបន់សាងសង់ចេញពីតំបន់ប្រើប្រាស់ឱ្យបានដាច់ដោយឡែកពីគ្នា
និង ២) សំណង់បរិក្ខារនានាដែលកំពុងត្រូវបានប្រើប្រាស់ដោយគ្រួសារជម្លៀសទីលំនៅ៖ មិនត្រូវចាប់ផ្តើមការងារណាមួយឡើយ រហូតដល់ការរៀបចំកន្លែងស្នាក់នៅជំនួសត្រូវបានព្រមព្រៀង និងអនុវត្តរួចរាល់ស្របតាមផែនការដោះស្រាយនៃការតាំងទីលំនៅថ្មី (RPF)។ ជំពូកនេះក៏ដោះស្រាយបញ្ហាសិទ្ធិកាន់កាប់ទីតាំង ការជ្រើសរើសទីតាំងដោយសមធម៌ លទ្ធភាពប្រើប្រាស់បរិក្ខារសម្រាប់ជនមានពិការភាព និងវិធានការការពារកុមារដែលត្រូវបញ្ចូលក្នុងក្រមប្រតិបត្តិរបស់កម្មករ។ ជំពូកនេះបញ្ចប់ដោយការកំណត់វិធានការសុខភាព និងសុវត្ថិភាពសម្រាប់កម្មករ និងសហគមន៍ ដែលត្រូវបញ្ចូលក្នុងផែនការ ESMP និងកិច្ចសន្យាគ្រប់ប្រភេទ។
ជំពូកទី៧៖ យន្តការដោះស្រាយបណ្តឹងតវ៉ា
និងយន្តការសម្រាប់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោង
២០. គម្រោងនេះអនុវត្តយន្តការដោះស្រាយបណ្តឹងតវ៉ាចំនួន
៣ ដាច់ដោយឡែកពីគ្នា
ដើម្បីធានាថាបណ្តឹងនីមួយៗត្រូវបានដោះស្រាយដោយស្ថាប័នដែលមានសមត្ថកិច្ចសមស្រប។ យន្តការដោះស្រាយបណ្តឹងតវ៉ារបស់គម្រោង (GRM) គ្របដណ្តប់លើកង្វល់ទាំងអស់ពាក់ព័ន្ធនឹងផ្នែកបរិស្ថាន និងសង្គម លើកលែងតែបញ្ហាដីធ្លី និងការងារ។ បញ្ហាទាំងនេះរួមមាន ការជ្រើសរើសអនុគម្រោង ការប្រព្រឹត្តរបស់អ្នកទទួលការសាងសង់ និងករណីរំលោភបំពានផ្លូវភេទ និងការបៀតបៀនផ្លូវភេទ។ យន្តការនេះមាន ៣ កម្រិត រួមមាន៖ កម្រិតឃុំ សង្កាត់៖ រយៈពេលដោះស្រាយ ១៥ថ្ងៃ កម្រិតក្រុង
ស្រុក ខណ្ឌ៖ រយៈពេលដោះស្រាយ ១៥ថ្ងៃ និង កម្រិត NCDDS/PMU៖ រយៈពេលដោះស្រាយ ៣០ថ្ងៃ។ គណៈកម្មការទទួលបន្ទុកកិច្ចការនារី
និងកុមារ ឃុំ សង្កាត់ នឹងដើរតួជាច្រកទទួលបណ្តឹងដោយរក្សាការសម្ងាត់សម្រាប់បណ្តឹងពាក់ព័ន្ធនឹងយេនឌ័រ។ រីឯកយន្តការកម្រិតទី៤ ដែលស្ថិតនៅក្រៅគម្រោង ក៏ត្រូវបានផ្តល់ជូនតាមរយៈការប្តឹងឧទ្ធរណ៍តាមរដ្ឋបាល ក្រសួងបរិស្ថាន ឬតុលាការ។ យន្តការដោះស្រាយបណ្តឹងតវ៉ាពាក់ព័ន្ធនឹងការទទួលបានដីធ្លី និងការតាំងទីលំនៅថ្មី ត្រូវអនុវត្តតាមផែនការដោះស្រាយផលប៉ះពាល់នៃការតាំងទីលំនៅថ្មី (RPF) និងច្បាប់ស្តីពីអស្សាមិករណ៍ ដោយឆ្លងកាត់ភូមិ
ឃុំ សង្កាត់ ក្រុង ស្រុក
ខណ្ឌ អនុគណៈកម្មាធិការដោះស្រាយផលប៉ះពាល់ពីការតាំងទីលំនៅថ្មីថ្នាក់ខេត្ត និងប្រព័ន្ធតុលាការ។
ចំណែកឯយន្តការដោះស្រាយបណ្តឹងតវ៉ារបស់កម្មករ ត្រូវបង្កើតឡើងដោយអ្នកទទួលការសាងសង់នីមួយៗ មុនពេលចល័តកម្លាំងពលកម្ម និងឧបករណ៍ចូលការដ្ឋាន។ ដំណើរការដោះស្រាយចាប់ផ្តើមពីអ្នកគ្រប់គ្រងការដ្ឋាន ទៅកាន់ថ្នាក់គ្រប់គ្រងរបស់អ្នកទទួលការ ដោយមានទីប្រឹក្សា DSC ចូលរួម ហើយបន្តទៅកាន់ PMU ដោយមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តចូលរួម។ កម្មករក៏អាចប្រើប្រាស់យន្តការដោះស្រាយតាមច្បាប់តាមរយៈអធិការការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការការងារ។
២១. យន្តការដោះស្រាយបណ្តឹងតវ៉ាទាំងអស់ត្រូវបានផ្ដល់ជូនដោយមិនគិតថ្លៃ មានភាពងាយស្រួលក្នុងការប្រើប្រាស់ជាភាសាខ្មែរ និងភាសាជនជាតិដើមភាគតិច អនុញ្ញាតឱ្យដាក់បណ្តឹងដោយអនាមិក ឬតាមរយៈអ្នកតំណាង និងមានវិធានការការពារអ្នកដាក់បណ្តឹងពីការសងសឹក។
ករណីការរំលោភបំពានផ្លូវភេទ និងការបៀតបៀនផ្លូវភេទ អំពើហិង្សាផ្អែកលើយេនឌ័រ និងបណ្តឹងណាមួយដែលពាក់ព័ន្ធនឹងអនីតិជន ត្រូវដោះស្រាយដោយរក្សាការសម្ងាត់បំផុតនៅក្រៅនីតិវិធីធម្មតា។ ករណីទាំងនេះត្រូវបញ្ជូនទៅអ្នកផ្តល់សេវាជំនួយ ដោយមានការយល់ព្រមពីជនរងគ្រោះ ហើយត្រូវរាយការណ៍ទៅធនាគារ AIIB ថាជាឧប្បត្តិហេតុធ្ងន់ធ្ងរក្នុងរយៈពេល ៤៨ម៉ោង។ បញ្ជីកត់ត្រាបណ្តឹងនៅគ្រប់កម្រិតថ្នាក់ ត្រូវបានបូកសរុបជារៀងរាល់ខែដោយ PMU ហើយរាយការណ៍នៅក្នុងវិធានការការពារពរិស្ថាន
និងសង្គម (SSMR)។ យន្តការសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងរបស់ធនាគារ AIIB នៅតែអាចប្រើប្រាស់បាននៅគ្រប់ដំណាក់កាល បន្ទាប់ពីមានការខិតខំប្រឹងប្រែងដោយសុចរិតក្នុងការប្រើប្រាស់យន្តការដោះស្រាយបណ្តឹងតវ៉ាពាក់ព័ន្ធរបស់គម្រោង។
ជំពូកនេះបញ្ចប់ដោយការប្តេជ្ញាចិត្តស្តីពីការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ មានដូចខាងក្រោម៖
·
ឯកសារក្របខ័ណ្ឌត្រូវបង្ហោះនៅលើគេហទំព័ររបស់ធនាគារ AIIB និងលេខាធិការដ្ឋាន
គ.ជ.អ.ប. ព្រមទាំងមានសេចក្តីសង្ខេបជាភាសាខ្មែរនៅថ្នាក់ខេត្ត
·
ឯកសារវិធានការការពារបរិស្ថាន និងសង្គមសម្រាប់អនុគម្រោងនីមួយៗ ត្រូវមានជាភាសាអង់គ្លេស និងភាសាខ្មែរ និងត្រូវដាក់បង្ហាញនៅការិយាល័យឃុំ
សង្កាត់ និងក្រុង
ស្រុក ខណ្ឌ មុនពេលប្រគល់កិច្ចសន្យា
·
របាយការណ៍វិធានការការពារពរិស្ថាន និងសង្គម និងផែនការសកម្មភាពកែតម្រូវ ត្រូវបង្ហោះនៅលើគេហទំព័រ
·
សេចក្តីសង្ខេបបណ្តឹងតវ៉ាប្រចាំត្រីមាស ត្រូវបិទផ្សាយនៅតាមការិយាល័យឃុំ
សង្កាត់
·
PMU ត្រូវរក្សាបញ្ជីកត់ត្រាការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ត្រូវផ្ទៀងផ្ទាត់បញ្ជីនេះដោយទីប្រឹក្សា DSC មុនពេលអ្នកទទួលការសាងសង់ចល័តកម្លាំងពលកម្ម និងឧបករណ៍ចូលការដ្ឋាន។
ជំពូកទី៨៖ ផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ
២២. ជំពូកនេះសង្ខេបអំពីក្រុមភាគីពាក់ព័ន្ធ និងគោលបំណងនៃការទំនាក់ទំនង និងការចូលរួម ដែលបានរៀបរាប់លម្អិតនៅក្នុងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ (SEP) ដាច់ដោយឡែក។ ភាគីពាក់ព័ន្ធ
រួមមាន គ្រួសារអ្នកទទួលផល អាជីវកម្មខ្នាតតូច និងអ្នកផ្តល់សេវា អាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងខេត្ត គ្រួសារក្រីក្រ (ID Poor) ពលករចំណាកស្រុកដែលបានវិលត្រឡប់មកវិញ ក្រុមជនជាតិដើមភាគតិច គ្រួសារដែលមានស្ត្រីជាមេគ្រួសារ គ្រួសារដែលមានមនុស្សចាស់ជាមេគ្រួសារ ព្រមទាំងទីប្រឹក្សា និងអ្នកទទួលការដែលចូលរួមក្នុងគម្រោង។
ការទំនាក់ទំនងត្រូវមានភាពសមស្របតាមវប្បធម៌ គិតគូរពីភាពខុសគ្នាផ្នែកយេនឌ័រ និងឱ្យបានទាន់ពេលវេលា
ព្រមទាំងមានការចាត់តាំងមន្ត្រីទទួលបន្ទុកសម្របសម្រួលជាក់លាក់ ការរៀបចំកិច្ចប្រជុំផ្ទាល់ជាប្រចាំនៅថ្នាក់ឃុំ
សង្កាត់ និងភូមិ ការជូនដំណឹងជាមុនតាមបណ្តាញទំនាក់ទំនងចម្រុះ និងការរៀបចំសិក្ខាសាលារៀបចំផែនការប្រចាំឆ្នាំនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ។ ការចូលរួមរបស់ភាគីពាក់ព័ន្ធ រួមមាន ការព្រមព្រៀងលើលក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសអនុគម្រោង ការលើកកម្ពស់ការយល់ដឹងអំពីលក្ខណៈពិសេសនៃហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការធានាថាគ្រួសារងាយរងគ្រោះត្រូវមានតំណាងចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល និងទទួលបានឱកាសការងារជាកម្មករក្នុងដំណាក់កាលសាងសង់។
សេចក្តីសន្និដ្ឋាន
២៣. តាមរយៈនីតិវិធីពិនិត្យជ្រើសរើស ការចាត់ថ្នាក់ និងការជ្រើសរើសឯកសារឧបករណ៍វិធានការការពារបរិស្ថាន និងសង្គម តារាងបែងចែកការទទួលខុសត្រូវរួម ក្រម ESCoP និងផែនការ ESMP ទូទៅ ប្រព័ន្ធដោះស្រាយបណ្តឹងតវ៉ាចំនួន
៣ ដាច់ដោយឡែក ព្រមទាំងការប្តេជ្ញាចិត្តស្តីពីការតាមដានត្រួតពិនិត្យ និងការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដែលបានពិពណ៌នាខាងលើ ក្របខ័ណ្ឌផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMPF) ផ្តល់ជូនលេខាធិការដ្ឋាន
គ.ជ.អ.ប. ក្រុមការងារខេត្ត ទីប្រឹក្សា និងអ្នកទទួលការសាងសង់នូវប្រព័ន្ធមួយដ៏ពេញលេញដែលអាចតាមដាន ផ្ទៀងផ្ទាត់ និងធ្វើសវនកម្មបាន សម្រាប់ការគ្រប់គ្រងលទ្ធផលការអនុវត្តផ្នែកបរិស្ថាន និងសង្គមរបស់អនុគម្រោងទាំងអស់របស់គម្រោង RISING។ ក្របខ័ណ្ឌនេះជាឯកសារដែលអាចធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់។ លេខាធិការដ្ឋាន
គ.ជ.អ.ប. នឹងធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌនេះ ដោយមានការយល់ព្រមពីធនាគារ AIIB នៅពេលដែលអនុគម្រោងត្រូវបានកំណត់ និងនៅពេលដែលមានបទពិសោធអនុវត្តជាក់ស្ដែងកាន់តែច្រើនឡើង។
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
