៣១ កក្កដា ២០២៥
គម្រោងធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់ (CAISAR) សហការផ្តល់ហិរញ្ញប្បទានដោយរាជរដ្ឋាភិបាលកម្ពុជា (RGC) មូលនិធិអាកាសធាតុបៃតង (GCF) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមានថវិកាសរុបចំនួន ២៤០ លានដុល្លារអាមេរិក និងត្រូវអនុវត្តរយៈពេល ៧ ឆ្នាំ (២០២៦-២០៣៣)។ ក្រសួងធនធានទឹក និងឧត្តុនិយម (MoWRAM) ជាស្ថាប័នប្រតិបត្តិគម្រោង (PMU) ទទួលខុសត្រូវអនុវត្តសមាសភាគ ២ និងផ្នែកមួយនៃសមាសភាគ ៣ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDDS) ជាស្ថាប័នអនុវត្តគម្រោង (PIU) ទទួលខុសត្រូវអនុវត្តសមាសភាគ១ និងផ្នែកមួយនៃសមាសភាគ៣។ គម្រោង CAISAR មានគោលដៅធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ តាមរយៈការកែលម្អប្រព័ន្ធការពារទឹកជំនន់ និងប្រព័ន្ធបង្ហូរទឹក កាត់បន្ថយភាពក្រីក្រ បង្កើនសន្តិសុខស្បៀង ការកាត់បន្ថយ និងការបន្ស៊ាំអាកាសធាតុ ដោយមានគោលបំណងធ្វើឱ្យវិស័យកសិកម្មរីកចម្រើន និងបរិយាប័ន្នផ្អែកលើលទ្ធភាពចូលទៅកាន់ទីផ្សារកាន់តែល្អប្រសើរ និងប្រព័ន្ធប្រមានជាមុន។ គម្រោងនេះមានសមិទ្ធផលរំពឹងទុកសំខាន់ៗ ចំនួន ៤ រួមមាន (១) កាត់បន្ថយការបាត់បង់ដំណាំ និងបង្កើនផលិតកម្មឱ្យកាន់តែល្អប្រសើរ (២) បង្កើនការដឹកជញ្ជូនទឹក និងប្រសិទ្ធភាពប្រើប្រាស់ទឹក (៣) លើកកម្ពស់អភិបាលកិច្ចបរិស្ថាន និង (៤) បង្កើនសមត្ថភាពកសិករក្នុងវិស័យកសិកម្មធន់នឹងអាកាសធាតុ និងលទ្ធផលរំពឹងទុកចំនួន ៩ រួមមាន (ក) បង្កើតខ្សែច្រវ៉ាក់តម្លៃបន្ស៊ាំនឹងអាកាសធាតុតាមក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ ឯកជន និងអ្នកផលិត (4Ps) និងបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ (ខ) បង្កើនលទ្ធភាពទទួលបានព័ត៌មានអាកាសធាតុ និងសេវាកម្មប្រឹក្សាសម្រាប់ការប្រើប្រាស់ទឹក និងផែនការដាំដំណាំឆ្លើយតបនឹងអាកាសធាតុ (គ) បង្កើនភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវកសិកម្មទប់ទល់ការប្រែប្រួលអាកាសធាតុ (ឃ) គម្រោងធារាសាស្ត្រទំនើប និងស្រះទឹក (ង) កែលម្អប្រព័ន្ធការពារទឹកជំនន់ និងប្រព័ន្ធបង្ហូរទឹក (ច) បង្កើត និងបណ្តុះបណ្តាលគណៈកម្មការប្រើប្រាស់ទឹក (FWUC) (ឆ) បង្កើត និងដាក់ឱ្យដំណើរការប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទឹកនៅក្នុងអនុគម្រោងចំនួន៣ (ជ) ពង្រឹងសមត្ថភាពក្រសួងធនធានទឹក និងឧត្តុនិយម និង (ឈ) ពង្រឹងសមត្ថភាពលេខាធិការដ្ឋានគ.ជ.អ.ប. ទាំងនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។ គម្រោងនេះ នឹងធ្វើការជាមួយក្រុមគោលដៅចំនួន ៥ ប្រភេទគឺគ្រួសារក្រីក្រ គ្រួសារមានកម្រិតជីវភាពលើបន្ទាត់ភាពក្រីក្រ ក្រុមស្ត្រី ក្រុមយុវជន និងកសិករខ្នាតតូចប្រហែល ៥៦២.៧៥៧ នាក់ និងអ្នកទទួលផលប្រយោលចំនួន ១,១៥ លាននាក់ ដែលកំពុងរស់នៅក្នុងភូមិចំនួន ១៨៤ ឃុំចំនួន ៣១ ស្រុកចំនួន ១១ ក្នុងខេត្តគោលដៅចំនួន ៤ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងខេត្តពោធិ៍សាត់៕
| លេខកូដ គម្រោង | FP270 |
| វិស័យ | ធនធានទឹក កសិកម្ម និងប្រែប្រួលអាកាសធាតុ |
| រយៈពេលអនុវត្ត | ៧ ឆ្នាំ ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដល់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០៣៣ |
| ស្ថាប័នអនុវត្ត | - ក្រសួងធនធានទឹក និងឧត្តុនិយមជាស្ថាប័នប្រតិបត្តិគម្រោង - លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) |
| ហិរញ្ញប្បទាន | ២៤០ លានដុល្លារអាមេរិក |
| ដៃគូអភិវឌ្ឍន៍ | មូលនិធិការអាកាសធាតុបៃតង (GCF) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) |
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
