កិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើឯកសារព្រាងស្ដីពីផែនការយុទ្ធសាស្ត្រចាកចេញ នៃគម្រោងគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ-សង្កាត់ ដំណាក់កាលទី២

១០ កញ្ញា ២០២៦

,  

11

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដើម្បីពិនិត្យ និងផ្ដល់យោបល់លើឯកសារព្រាងស្ដីពីផែនការយុទ្ធសាស្រ្តចាកចេញ (Exit Strategy Plan) នៃការអនុវត្តគម្រោងគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ-សង្កាត់ ដំណាក់កាលទី២។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងស្ថានទូតអូស្ត្រាលី ធនាគារពិភពលោក និងអង្គការទស្សនៈពិភពលោក សរុបចំនួន ១៣រូប (ស្រី ៤រូប)។
នាឱកាសនោះ តំណាងម្ចាស់ជំនួយរួមមាន ធនាគារពិភពលោក (World Bank) និងទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ (DFAT) បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសេចក្តីព្រាងកែសម្រួល "ផែនការយុទ្ធសាស្រ្តចាកចេញ" នៃគម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ ដោយផ្តោតសំខាន់លើការរៀបចំយុទ្ធសាស្ត្រធ្វើសមាហរណកម្មការងារនេះ ទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានានូវនិរន្តរភាពយូរអង្វែង។
ជាមួយគ្នានេះ អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុសផុលអំពីការរក្សាឯករាជ្យភាព និងតម្លាភាពរបស់បណ្តាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAF)។ ទាក់ទិននឹងយន្តការហិរញ្ញប្បទាន ភាគីម្ចាស់ជំនួយបានសង្កត់ធ្ងន់ថា រាល់ការផ្តល់ថវិកាគាំទ្រដល់បណ្តាញ CAF ត្រូវតែផ្សារភ្ជាប់ទៅនឹងប្រព័ន្ធថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានចែងក្នុងសារាចរណែនាំលេខ ០០៧ ជាជាងការបន្តផ្តល់ជាទម្រង់មូលនិធិពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ដោយហេតុថាយន្តការនេះនឹងជួយពន្លឿនឱ្យការងារគណនេយ្យភាពសង្គមក្លាយជាប្រតិបត្តិការផ្លូវការរបស់រាជរដ្ឋាភិបាល។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការ លេខាធិការដ្ឋាន គ.ជ.អ.ប. បានបង្ហាញពីវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកំណត់តួនាទី និងកាតព្វកិច្ចក្នុងការបែងចែកថវិកាសម្រាប់គាំទ្រដល់និរន្តរភាពការងារគណនេយ្យភាពសង្គម ។ បន្ថែមពីលើនេះ ដើម្បីធានាបាននូវសមត្ថភាពអនុវត្តជាក់ស្តែងនៅថ្នាក់មូលដ្ឋាន អង្គប្រជុំក៏បានផ្តល់អនុសាសន៍ឱ្យមានការរៀបចំប្រព័ន្ធបណ្តុះបណ្តាលនៅថ្នាក់ខេត្ត និងស្រុក បន្ថែមលើការបញ្ជ្រាបកម្មវិធីសិក្សាគណនេយ្យភាពសង្គមទៅក្នុងសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) ដែលនឹងជួយគាំទ្រដល់ការអនុវត្តការងារនេះឱ្យកាន់តែទូលំទូលាយ។
ជាជំហានបន្ទាប់ ក្រុមការងារ នៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការទស្សនៈពិភពលោក (World Vision) បានឯកភាពគ្នាក្នុងការបន្តកែសម្រួលឯកសារ ផែនការយុទ្ធសាស្រ្តចាកចេញនេះ ឱ្យបានរួចរាល់ជាស្ថាពរសម្រាប់យន្តការសមាហរណកម្មគណនេយ្យភាពសង្គមនាថ្ងៃអនាគត៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP