សិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥

១៣ កក្កដា ២០២៦

,  

43

Banner
រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦  ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងប្រសាសន៍ស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ បានគូសបញ្ជាក់ពីសាវតានៃកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដែលត្រូវបានដាក់ឱ្យអនុវត្តការប្រកួតប្រជែងក្នុងគោលដៅ ដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងការកៀរគរពីសហគមន៍ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនានា ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍសាលារៀន និងមណ្ឌលសុខភាពនៅតាមមូលដ្ឋាន។
ឯកឧត្តមបានលើកឡើងថា ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដែលផ្តោតលើកម្រិត អនុវិទ្យាល័យ និងសាលាបឋមសិក្សា សម្រាប់វិស័យអប់រំ និងកម្រិតមណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល ដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាពនីមួយៗ ដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជូនដល់បណ្តាអង្គភាពផ្សេងទៀត។
នាឱកាសនេះដែរ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. បានមានប្រសាសន៍ថា ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ នាពេលនេះ ពិតជាមានសារសំខាន់សម្រាប់អង្គភាពដែលមិនទាន់បានទទួលជ័យលាភី និងអង្គភាពដែលទទួលបានជ័យលាភី ដោយហេតុថា អង្គភាពដែលមិនទាន់បានទទួលជ័យលាភី អាចនឹងទទួលបានព័ត៌មាន ចំណេះដឹង និងដកបទពិសោធមានប្រយោជន៍ជាច្រើន ពីអង្គភាពជ័យលាភី ហើយអង្គភាពដែលទទួលបានជ័យលាភី ក៏អាចសិក្សា ឆ្លុះបញ្ចាំងពីការអនុវត្តរបស់ខ្លួន និងដកស្រង់ឧត្តមានុវត្តន៍ និងនវានុវត្តន៍ដែលអង្គភាពជ័យលាភីដទៃបានអនុវត្ត ជោគជ័យ សម្រាប់យកទៅពង្រឹងបន្ថែមចំណុចដែលមិនទាន់បានល្អ ឬលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ការអនុវត្តឱ្យកាន់តែប្រសើរថែមទៀតសម្រាប់អង្គភាពរបស់ខ្លួន។
តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធទាំងនេះ នឹងជួយបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីដោះស្រាយនូវចំណុចខ្វះខាត ឬអវិជ្ជមាន និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាជន ក្នុងស្មារតីគិតគូររួមគ្នា រៀនពីគ្នាទៅវិញទៅមក និងរួមគ្នាអនុវត្តតាមទម្រង់ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីអភិវឌ្ឍសាលារៀន និងមន្ទីរពេទ្យ និងការធានាបាននូវគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។ អង្គភាពទាំងអស់ នឹងទទួលបាននូវអត្ថប្រយោជន៍ដ៏មានតម្លៃដែលកើតចេញពីការខិតខំប្រឹងប្រែងសិក្សា និងទទួលយកចំណេះដឹង និងបទពិសោធនាថ្ងៃនេះ ព្រមទាំងជួយដល់អង្គភាពអនុវត្តកាន់តែប្រសើរនូវឧបករណ៍ ដែលគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានណែនាំ និងដាក់ចេញឱ្យអនុវត្ត។
គួរបញ្ជាក់ថា បេក្ខភាពអង្គភាពអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ គឺជាអង្គភាពដែលបានសម្រេចនូវសូចនាករជាអតិបរមានៃលក្ខណៈវិនិច្ឆ័យគោលទាំង៨ ក្រោមការវាយតម្លៃយ៉ាងហ្មត់ចត់ ច្រើនដំណាក់កាល និងមានការទទួលខុសត្រូវច្បាស់លាស់ មានសុចរិតភាព តម្លាភាព និងប្រកបដោយវិជ្ជាជីវៈ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP