កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោង «ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA Project)»

១៩ កញ្ញា ២០២៥

,  

199

Banner
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំនៅកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោង STA ក្រោមអធិបតីភាព ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពី សមិទ្ធផលនៃការអនុវត្តគម្រោង និងរបាយការបឋមនៃការវាយតម្លៃលើការអនុវត្តគ្រោងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. រដ្ឋបាលក្រុងគោលដៅទាំងបីនៃគម្រោង STA និងដៃគូអនុវត្ត (CPDD) សម្រាប់ប្រមូលនូវធាតុចូលពីសមាជិកក្រុមប្រឹក្សាភិបាល ដើម្បីឱ្យរបាយការណ៍វាយតម្លៃមានលក្ខណៈគ្រប់ជ្រងជ្រោយ។

 

ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តម នី គឹមសាន បានមានប្រសាសន៍ថា៖ «តាមរយៈសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់គម្រោង STA ដែលបានរៀបចំឡើងកាលទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ  យើងកត់សម្គាល់ឃើញថា គម្រោង STA បានអនុវត្តប្រកបដោយជោគជ័យ ស្របទៅតាមកិច្ចព្រមព្រៀងគម្រោង និងបានរួមចំណែកយ៉ាងធំធេងដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសបានផ្តល់លទ្ធភាពបន្ថែមដល់លេខាធិការដ្ឋាន គ.ជ.អ.ប. បង្កើនការសម្របសម្រួលជាមួយក្រសួង ស្ថាប័ននៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពចាំបាច់នានាដែលបានកំណត់ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (កជទី២)។»

 

លោក NAGASE Kensuke អគ្គរាជទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងថា៖ «ទោះបីជានេះជាលើកចុងក្រោយនៃកិច្ចប្រជុំក្រុមប្រឹក្សាគម្រោង STA តែរាជរដ្ឋាភិបាលជប៉ុននៅតែប្តេជ្ញាបន្តការគាំទ្រក្នុងការពង្រឹងគណនេយ្យភាព និងតម្លាភាពនៅកម្ពុជា ជាពិសេសលើការអង្កេតអភិបាលកិច្ច ដើម្បីធានាថារាល់មតិយោបល់របស់ប្រជាពលរដ្ឋ ត្រូវបានពិចារណាក្នុងការដាក់បញ្ជូលទៅក្នុងសកម្មភាពអភិវឌ្ឍនានានៅមូលដ្ឋាន»

 

ស្របតាមមតិខាងលើ លោក Enrico Gaveglia តំណាង UNDP ប្រចាំកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ចំពោះការគាំទ្រយ៉ាងមុតមាំ ចំពោះការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។ ការតាំងចិត្តចំពោះតម្លាភាព គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាសារសំខាន់មួយក្នុងការជំរុញឱ្យគម្រោងនេះទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់។ តំណាង UNDP ប្រចាំកម្ពុជា លោកសូមថ្លែងអំណរគុណជាពិសេសចំពោះការផ្តល់មូលនិធិដ៏សប្បុរសរបស់ប្រជាពលរដ្ឋជប៉ុន និង ជឿជាក់នូវការបន្តភាពជាដៃគូនាពេលអនាគត។

 

គូសបញ្ជាក់ផងដែរថា ដោយទទួលបានហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន  និងប្រជាជនជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំនៅកម្ពុជា លេខាធិការដ្ឋាន គ.ជ.អ.ប. បានអនុវត្តគម្រោង STA ក្នុងគោលបំណង ដើម្បីបង្កើនការចូលរួម និងការទទួលយោបល់ត្រលប់របស់ប្រជាពលរដ្ឋ ការបំពេញការងារ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការគាំទ្រការអនុវត្តគោលនយោបាយនៅថ្នាក់ជាតិ។

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP