២៣ កុម្ភៈ ២០២៦
,23
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី ផ្ដល់ចំណេះដឹងរួមអំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធគាំពារសង្គមកម្ពុជា និងស្វែងយល់អំពីការភ្ជាប់សកម្មភាពកិច្ចគាំពាសង្គមទៅនឹងសកម្មភាពប្រែប្រួលអាកាសធាតុ។ គួរជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវអាទិភាពមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្ដោតលើការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្ដជីវិតឈលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ជាមួយនឹងទស្សនវិស័យ និងគោលដៅដ៏ច្បាស់លាស់គឺ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។ បន្ថែមពីនេះ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលត្រូវបានរៀបចំឡើងដើម្បីធានានិរន្តរភាពនៃការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងប្រកបដោយចីរភាព ដែលអាចគ្របដណ្ដប់ហានិភ័យនៃវដ្ដជីវិត និងឆ្លើយតបនឹងគ្រោះអាសន្ន ឬវិបត្តិនានាជាយថាហេតុ។ លើសពីនេះទៅទៀត កិច្ចគាំពារសង្គម ក៏ជាសកម្មភាពអាទិភាពមួយនៃផែនការអនុវត្តរយៈពេលប្រាំឆ្នាំដំណាក់កាលទី២ (ផអ៥ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ផងដែរ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម អង្គការ GIZ និងអ្នកពាក់ព័ន្ធប្រមាណ ៥០រូប (ស្រី២០រូប)។
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
