១៩ កញ្ញា ២០២៥
,197
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តម
នី គឹមសាន បានមានប្រសាសន៍ថា៖ «តាមរយៈសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផល
និងបិទបញ្ចប់គម្រោង STA ដែលបានរៀបចំឡើងកាលទីថ្ងៃទី១៨ ខែកញ្ញា
ឆ្នាំ២០២៥ ម្សិលមិញនេះ យើងកត់សម្គាល់ឃើញថា
គម្រោង STA បានអនុវត្តប្រកបដោយជោគជ័យ ស្របទៅតាមកិច្ចព្រមព្រៀងគម្រោង
និងបានរួមចំណែកយ៉ាងធំធេងដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសបានផ្តល់លទ្ធភាពបន្ថែមដល់លេខាធិការដ្ឋាន
គ.ជ.អ.ប. បង្កើនការសម្របសម្រួលជាមួយក្រសួង ស្ថាប័ននៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ
ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពចាំបាច់នានាដែលបានកំណត់ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២
(កជទី២)។»
លោក NAGASE Kensuke អគ្គរាជទូត
និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងថា៖ «ទោះបីជានេះជាលើកចុងក្រោយនៃកិច្ចប្រជុំក្រុមប្រឹក្សាគម្រោង
STA តែរាជរដ្ឋាភិបាលជប៉ុននៅតែប្តេជ្ញាបន្តការគាំទ្រក្នុងការពង្រឹងគណនេយ្យភាព
និងតម្លាភាពនៅកម្ពុជា ជាពិសេសលើការអង្កេតអភិបាលកិច្ច ដើម្បីធានាថារាល់មតិយោបល់របស់ប្រជាពលរដ្ឋ
ត្រូវបានពិចារណាក្នុងការដាក់បញ្ជូលទៅក្នុងសកម្មភាពអភិវឌ្ឍនានានៅមូលដ្ឋាន»។
ស្របតាមមតិខាងលើ លោក Enrico
Gaveglia តំណាង UNDP ប្រចាំកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាភិបាល
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ចំពោះការគាំទ្រយ៉ាងមុតមាំ
ចំពោះការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។ ការតាំងចិត្តចំពោះតម្លាភាព គណនេយ្យភាព
និងការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាសារសំខាន់មួយក្នុងការជំរុញឱ្យគម្រោងនេះទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់។
តំណាង UNDP ប្រចាំកម្ពុជា លោកសូមថ្លែងអំណរគុណជាពិសេសចំពោះការផ្តល់មូលនិធិដ៏សប្បុរសរបស់ប្រជាពលរដ្ឋជប៉ុន
និង ជឿជាក់នូវការបន្តភាពជាដៃគូនាពេលអនាគត។
គូសបញ្ជាក់ផងដែរថា ដោយទទួលបានហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំនៅកម្ពុជា លេខាធិការដ្ឋាន គ.ជ.អ.ប. បានអនុវត្តគម្រោង STA ក្នុងគោលបំណង ដើម្បីបង្កើនការចូលរួម និងការទទួលយោបល់ត្រលប់របស់ប្រជាពលរដ្ឋ
ការបំពេញការងារ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការគាំទ្រការអនុវត្តគោលនយោបាយនៅថ្នាក់ជាតិ។
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh