ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០)

២២ ឧសភា ២០២៦

,  

22

Banner
ទីស្តីការក្រសួងមហាផ្ទៃ (អគារ S)៖ នៅថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី ឆស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. បានអញ្ជើញថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត “ផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០)” នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០)។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដោយផ្ទាល់ប្រមាណ៣០០រូប និងតាមប្រព័ន្ធ Zoom សរុបប្រមាណ៩ពាន់រូប។
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. ឯកឧត្តម ចាន់ សុធា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា។
ឯកឧត្តម បានមានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២” ដែលនឹងអនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ផែនការនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើវឌ្ឍនភាព បញ្ហាប្រឈម មេរៀនបទពិសោធន៍ពីការអនុវត្តផែនការដំណាក់កាលទី១ ការវាយតម្លៃ និងការវិភាគសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការសិក្សាវិភាគអំពីបរិបទសេដ្ឋកិច្ច សង្គម នគរូបនីយកម្ម បច្ចេកវិទ្យាឌីជីថល និងហានិភ័យនានា ដើម្បីធានាឱ្យផែនការនេះមានភាពគ្រប់ជ្រុងជ្រោយ ស៊ីសង្វាក់ជាមួយកម្មវិធីជាតិដំណាក់កាលទី២ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្ត្រជាតិសំខាន់ៗ។
ឯកឧត្តម ក៏បានបញ្ជាក់ថា ផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២នេះ គឺជាឯកសារបង្ហាញផ្លូវដ៏សំខាន់ សម្រាប់ឆ្ពោះទៅសម្រេចគោលបំណងនៃកម្មវិធីជាតិដំណាក់កាលទី២ នោះគឺ “ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយគុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ប្រកបដោយបរិយាបន្ន និងសមធម៌សង្គម”។

ផែនការអនុវត្តរយៈពេល៥ឆ្នាំនេះ ត្រូវបានបែងចែកជា៥សមាសភាគសំខាន់ៗ រួមមាន៖ (១) ការដឹកនាំ និងការសម្របសម្រួលការងារកំណែទម្រង់ (២) រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ (៣) ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស (៤) វិមជ្ឈការហិរញ្ញវត្ថុ និងប្រព័ន្ធផែនការ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង (៥) ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ ផែនការនេះ ក៏បានកំណត់លទ្ធផលរំពឹងទុកចំនួន២៧ សកម្មភាពអាទិភាពចំនួន៩១ និងសូចនាករចំនួន២៤៣ សម្រាប់ជាមូលដ្ឋានក្នុងការតាមដាន វាយតម្លៃ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព ស៊ីសង្វាក់ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ។

ក្នុងពិធីនេះផងដែរ លោក Christof Weigelmeier អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងនាមដៃគូអភិវឌ្ឍន៍ បានថ្លែងចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ ដែលជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់សម្រាប់បន្តជំរុញកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា ផែនការនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកែលម្អគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាបន្ន និងសមធម៌សង្គម។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់អំពីការបន្តប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ស្របតាមអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបបន្ថែមថា ក្នុងពិធីបើកសិក្ខាសាលានេះ ក៏មានបទបង្ហាញសំខាន់ៗចំនួន៤ ពាក់ព័ន្ធនឹងខ្លឹមសារផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ លទ្ធផលវាយតម្លៃផែនការដំណាក់កាលទី១ អង្កេតអភិបាលកិច្ច និងស្ថានភាពនៃការផ្ទេរធនធានហិរញ្ញវត្ថុដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ លេខាធិការដ្ឋាន គ.ជ.អ.ប. ក៏បានចែកជូនសៀវភៅផែនការអនុវត្តរយៈពេល៥ ឆ្នាំ និងឯកសារពាក់ព័ន្ធដល់អ្នកចូលរួម និងផ្សព្វផ្សាយតាមគេហទំព័ររបស់ គ.ជ.អ.ប. ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងដំណើរការរៀបចំផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២នេះ គ.ជ.អ.ប. បានរៀបចំកិច្ចប្រជុំ និងសិក្ខាសាលាពិគ្រោះយោបល់ជាច្រើនលើកជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីប្រមូលធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយ និងធានាឱ្យផែនការនេះអាចអនុវត្តបានស្របតាមស្ថានភាពជាក់ស្តែង។ ផែនការអនុវត្ត៥ឆ្នាំនេះ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំលើកទី២៥ របស់ គ.ជ.អ.ប. និងទទួលបានការឯកភាពជាផ្លូវការពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP