២១ វិច្ឆិកា ២០២៥
,125

កម្មវិធីនេះបានសហការរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(វបសអ-CDRI) ដោយមានការគាំទ្រថវិកាពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី និងមានវត្តមានចូលរួមពីឯកឧត្តម ដេរីក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ជាវាគ្មិនតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងការបរទស និងក្រសួងពាណិជ្ជកម្ម តំណាងធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អង្គការយូនីសេហ្វ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានជាច្រើនរូប។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមប្រធានបទសំខាន់ចំនួន២ គឺ ១- អភិបាលកិច្ចទឹក និង ២-សេវាទឹកស្អាតនិងអនាម័យ ដើម្បីរួមចំណែកដល់ការយល់ដឹងពីផលបច្ច័យនៃសន្តិសុខទឹក ភាពមិនប្រាកដប្រជានៃអាកាសធាតុ និងការដោះស្រាយបញ្ហាប្រឈមនានា ដោយមានការសម្របសម្រួលកិច្ចពិភាក្សាដោយលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថាន CDRI។
ក្នុងនោះដែរ ឯកឧត្តម ជ័យ សម្បត្តិផល្លា បានមានប្រសាសន៍សំខាន់ចំនួន៣ចំនុច រួមមាន៖ (ទី១) នៅក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ គ្រប់ភាគីពាក់ព័ន្ធសូមគិតគូបញ្ចូលសមាសភាពអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិផង ពីព្រោះអាជ្ញាធរមូលដ្ឋានជាតួអង្គសំខាន់ និងជាអ្នកអនុវត្តផ្ទាល់រាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល (ទី២) ស្នើដល់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ និងសមាគមនានាចូលរួមចែករំលែក ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលខ្លួនបានអនុវត្ត ដើម្បីផ្តល់ជាធាតុចូលទៅក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍន៍នានា និង (ទី៣) ចាំបាច់ត្រូវការកៀរគរធនធានបន្ថែមលើការអនុវត្តសកម្មភាព ព្រោះទន្ទឹមនឹងមានផែនការល្អ យុទ្ធសាស្ត្រល្អ ក៏ត្រូវផ្សាភ្ជាប់ទៅនឹងធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ដល់ការអនុត្តសកម្មភាពដែលបានដាក់ចេញទាំងនោះ។
កម្មវិធីនេះ បានរៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បី៖
១.ជួបជុំរវាងភាគីពាក់ព័ន្ធសំខាន់ៗដែលធ្វើការលើវិស័យទឹកក្នុងប្រទេសកម្ពុជានិងថ្នាក់តំបន់ ដើម្បីចែករំលែក និងពិភាក្សាអំពីសន្តិសុខទឹក និងអភិបាលកិច្ចទឹក
២.ចែករំលែកចំណេះដឹង បទពិសោធន៍ តាមរយៈកិច្ចពិភាក្សាពហុភាគីលើបញ្ហាប្រឈមផ្នែកសន្តិសុខទឹកក្នុងប្រទេសកម្ពុជា និងតំបន់មេគង្គ
៣.កំណត់យុទ្ធសាស្ត្រ និងមាគ៌ា ដើម្បីបង្កើនសន្តិសុខទឹកក្នុងប្រព័ន្ធអេកូឡូស៊ីនៃទន្លេមេគង្គ និងបឹងទន្លេសាប
៤.កសាងបណ្តាញ និងវេទិកាដើម្បីគាំទ្រដល់កិច្ចសន្ទនាគោលនយោបាយទឹកដែលកំពុងវិវត្តស្របតាមអាទិភាពនៃអភិបាលកិច្ចទឹករបស់រាជរដ្ឋាភិបាលកម្ពុជា
៥.ការផ្តល់នូវអនុសាសន៍គោលនយោបាយផ្អែកលើភស្តុតាង ដើម្បីពង្រឹងអភិបាលកិច្ចទឹក និងការកែលម្អការផ្តល់សេវាទឹកស្អាត និងអនាម័យសម្រាប់សហគមន៍ដែលងាយរងគ្រោះ៕











ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
