២១ វិច្ឆិកា ២០២៥
,71

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ចាន់ សុធា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ ដោយមិត្តជប៉ុនគឺជាស្ថាបនិកដ៏សំខាន់មួយក្នុងការជួយគាំទ្រឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងតាមរយៈការជួយគាំទ្រលើវិស័យថាមពល សាធារណការនិងដឹកជញ្ជូន ឧស្សាហកម្ម កសិកម្ម អភិវឌ្ឍន៍ជនបទ អប់រំសុខាភិបាល និងវិស័យនានា ជាពិសេសកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ចាន់ សុធា ក៏បានលើកឡើងនូវសាវតារ ការវិវឌ្ឍ និងសមិទ្ធផលសំខាន់ៗ នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាការអនុវត្តការងារគណនេយ្យភាពសង្គម ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ជាពិសេសរដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី១ និងដំណាក់កាលទី២ តាមរយៈការគាំទ្រដល់ការអនុវត្តការងារគណនេយ្យភាពសង្គម និងគម្រោងការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ ហៅកាត់ថា STA Project ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋទទួលបានព័ត៌មានសំខាន់ៗតាមបែបប្រពៃណី និងឌីជីថល ពាក់ព័ន្ធនឹងការគ្រប់គ្រង ចាត់ចែងធនធាន របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការលើកកម្ពស់ការចូលរួមតាមដាន ត្រួតពិនិត្យរបស់ប្រជាពលរដ្ឋលើការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពផ្តល់សេវានានា សំដៅពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន។
លោក ណាហ្គាសិ កេនស៊ូកិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ ធនធានមនុស្ស ធនធានថវិកា និងសិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងនោះផងដែរ លោក ណាហ្គាសិ កេនស៊ូកិ បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលជប៉ុនក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងត្រួតពិនិត្យ តាមដាន និងផ្តល់មតិយោបល់ត្រលប់ក្នុងការពង្រឹងការផ្តល់សេវាសាធារណៈ ដើម្បីធានាដល់ការលើកកម្ពស់អភិបាលកិច្ច និងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសកម្ពុជា។
ជាលទ្ធផលនៃជំនួបពិភាក្សានេះ លេខាធិការដ្ឋាន គ.ជ.អ.ប. និងភាគីជប៉ុន បានបង្ហាញពីគោលបំណង និងការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមមាន៖ ១). ការអនុវត្តការងារគណនេយ្យភាពសង្គម ដើម្បីលើកកម្ពស់អភិបាលកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ២). ការរៀបចំសន្និបាតរដ្ឋបាលឃុំ សង្កាត់ថ្នាក់ជាតិនៅឆ្នាំ២០២៦ ៣). ការរៀបចំវេទិការវាងរាជរដ្ឋាភិបាលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅឆ្នាំ២០២៧ ៤).ការធ្វើអង្កេតអភិបាលកិច្ច និងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិនៅឆ្នាំ២០២៨ ៥). ការវាយតម្លៃបញ្ចប់ការអនុវត្ត កជទី២ នៅឆ្នាំ២០៣០ ៦). ការអភិវឌ្ឍសមត្ថភាពតាមរយៈការផ្តល់អាហារូបករណ៍នៃកម្មវិធីអ្នកដឹកនាំវ័យក្មេង និងពង្រឹងកិច្ចប្រតិបត្តិការរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ៧). គិតគូរក្នុងការគំាទ្របច្ចេកទេស និងធនធានថវិកាដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាពដែលធន់នឹងអាកាសធាតុ ៨). ការពង្រីក និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) រដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្សព្វផ្សាយព័ត៌មាននិងទទួលយោបល់ត្រលប់ តាមប្រព័ន្ធឌីជីថលឱ្យបានទូទាំងប្រទេស និង ៩). ការរៀបចំផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
ជំនួបពិភាក្សានេះ បានបញ្ចប់ទៅប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងសាមគ្គីភាព ព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កាតាមការគ្រោងទុក៕












ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
