ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការអនុវត្តសាកល្បងលើសេវាបន្សាំការប្រែប្រួលអាកាសធាតុតាមរយៈការងារគណនេយ្យភាពសង្គម។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងកែសម្រួលលើផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ(I4C)សម្រាប់ការសាកល្បងលើសេវាបន្សាំការប្រែប្រួលអាកាសធាតុតាមរយៈការងារគណនេយ្យភាពសង្គម ព្រមទាំងការពិភាក្សាលើអនុសារណៈយោគយល់(MoU) និងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦។
លោក ជេដ្ឋ គីមជុង ប្រធានអង្គប្រជុំបានបង្ហាញចំណាប់អារម្មណ៍ចំពោះការអនុវត្តសាកល្បងលើសេវាបន្សាំការប្រែប្រួលអាកាសធាតុតាមរយៈការងារគណនេយ្យភាពសង្គម ដោយគាត់បានបញ្ជាក់ថាការអនុវត្តសាកល្បងនេះពិតជាមានសារៈសំខាន់សម្រាប់ការសិក្សា រៀនសូត្រ លើការបន្សាំការប្រែប្រួលអាកាសធាតុតាមរយៈការងារគណនេយ្យភាពសង្គម សម្រាប់ដកស្រង់នូវបទពិសោធន៍ ចងក្រងឯកសារបច្ចេកទេសនានា និងរួមចំណែកពង្រីកនូវវិស័យបន្ថែម ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ទេរមុខងារ និងភារកិច្ចទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំមានមានការអញ្ជើញចូលរួមពីលេខាធិការដ្ឋាន គ.ជ.អ.ប. អង្គការហេក្ស/អែពើ(HEKS/EPER), អង្គការស្តារកម្ពុជា សរុបចំនួន ១៤រូប ស្រី៣រូប៕