វេទិកាកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា៖ ការរៀនសូត្រ សមិទ្ធផល និងទិសដៅបន្ត (ISD Forum 2025)

០២ ធ្នូ ២០២៥

,  

19

Banner
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានរៀបចំវេទិកាបង្ហាញអំពីសមិទ្ធផលនានារបស់កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា៖ ការរៀនសូត្រ សមិទ្ធផល និងទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកដ៏ខ្ពស់ខ្ពង់របស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងបិទកម្មវិធីដោយមានការអញ្ជើញចូលរួមដ៏ខ្ពស់ខ្ពង់របស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ។ នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ក្រុមការងារ GIZ សរុបប្រមាណ ២២៥រូប និងមានការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌនៃរាជធានី ខេត្តទាំង២១ សរុបប្រមាណ ១០០៨រូប ។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផល បញ្ហាប្រឈម ការចែករំលែកមេរៀន បទពិសោធ ការឆ្លុះបញ្ចាំង និងការសន្ទនាគ្នាពាក់ព័ន្ធនឹងកំណែទម្រង់អភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធី ISD ដំណាក់កាលទី១ (ចាប់ខែមីនា ឆ្នាំ២០២២ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥) និងផែនការអនុវត្តកម្មវិធី ISD ដំណាក់កាលទី២ នៅដើមឆ្នាំ២០២៦ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ ជាអាទិ៍ តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិដែលជាអ្នករៀបចំគោលនយោបាយ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្តគោលដៅ រួមមាន ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យដែលជាប្រតិបត្តិករផ្ទាល់នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា ក្នុងការចូលរួមចំណែកគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសេទរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្នុងរយៈពេលជាង២ទស្សវត្សកន្លងមកនេះ ក្រោមការដឹកនាំសម្របសម្រួលរបស់ គ.ជ.អ.ប. រួមជាមួយនឹងកិច្ចសហការ ការគាំទ្រ និងការចូលរួមពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសាធារណជនបានជំរុញឱ្យកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះមានការវិវត្តកាន់តែស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាស្របតាមផែនការ តាមដំណាក់កាលនីមួយៗ ដែលគិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តបញ្ចប់ដោយជោគជ័យនូវកម្មវិធីជាតិដំណាក់កាលទី១ (២០១០-២០២០)។ នាពេលនេះ យើងកំពុងអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) ដែលឆ្នាំ២០២៥នេះ គឺជាឆ្នាំទី៥នៃការអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ ហើយក៏ជាឆ្នាំដែលយើងត្រូវរៀបចំផែនការអនុវត្តរយៈពេល៥ឆ្នាំបន្ទាប់ (២០២៦-២០៣០)។ ការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈកម្មវិធីជាតិតាមដំណាក់កាលនីមួយៗកន្លងមកនេះ បានបង្កើតនូវសមិទ្ធផលសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការកែលម្អរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ រួមជាអាទិ៍ ប្រព័ន្ធកសាងផែនការ ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាល ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ នីតិវិធីផ្តល់សេវា យន្តការគណនេយ្យភាព យន្តការសម្រុះសម្រួលវិវាទនិងដោះស្រាយបណ្តឹងនានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ទន្ទឹមគ្នានេះ សិទ្ធិអំណាច មុខងារតាមវិស័យនានា រួមទាំងធនធនមនុស្ស និងធនធានហិរញ្ញវត្ថុក៏បានផ្ទេរជាបណ្តើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលទ្ធភាព និងសមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានកាន់តែចំទិសដៅ ឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP