លេខាធិការដ្ឋាន​ គ.ជ.អ.ប រៀបចំ​កិច្ច​ប្រជុំ​ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ឯកសារ​ និង​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​

ភ្នំពេញ ១៥ កក្កដា ២០១៤៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប) និងអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាលើ សេចក្ដីព្រាងឯកសារ និងដោះស្រាយបញ្ហាមួយចំនួន…

ភ្នំពេញ ១៥ កក្កដា ២០១៤៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាលើសេចក្ដីព្រាងឯកសារ និងដោះស្រាយបញ្ហាមួយចំនួន នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

 

ឯកសារដែលបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំរួមមាន៖ (១). សេចក្ដីណែនាំស្ដីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូន រដ្ឋបាលថ្នាក់ក្រោមជាតិ លើការផ្ដល់សេវារដ្ឋបាល (២). របាយការណ៍ស្ដីពីស្ថានភាពនៃការគ្រប់គ្រង ការប្រើប្រាស់ និងការអនុវត្ត មូលនិធិក្រុង ស្រុក (៣). ការត្រៀមរៀបចំកិច្ចប្រជុំជាមួយស្ថាប័នអនុវត្តកម្មវិធីនានានៃផអ៣ (៤). ការត្រៀមរៀបចំកិច្ចប្រជុំ លើកទី៩ នៃគ.ជ.អ.ប និងដោះស្រាយបញ្ហាផ្សេងៗ។

 

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្ដមលេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ នៃលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្ដម ឌុច សុន អគ្គនាយកនៃ អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធចំនួន សរុប ៤៣រូប។

 

ឯកសារ សេចក្ដីណែនាំស្ដីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនរដ្ឋបាលថ្នាក់ក្រោមជាតិ លើការផ្ដល់សេវារដ្ឋបាល ត្រូវបាន រៀបចំដោយ

លេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឲ្យមានការ បែងចែកប្រាក់រង្វាន់ លើកទឹកចិត្តដែលបាន

មកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនដល់មន្ត្រី បុគ្គលិកថ្នាក់ក្រោមជាតិ ផ្អែកលើគោលការណ៍តម្លាភាព សមធម៌ និងផ្អែកតាមគុណភាព

សម្បត្តិការងារ។ ឯកសារនេះ នឹងក្លាយជាឯកសារគោលសម្រាប់ ថ្នាក់ក្រោមជាតិអនុវត្ត បន្ថែមលើនីតិវិធីដែលមានចែង ក្នុងអនុក្រឹត្យ

និងប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានដាក់ឱ្យប្រើប្រាស់កន្លងមក។

 

បន្ទាប់ពីស្ដាប់បទបង្ហាញនានា និងពិភាក្សាពីបទពិសោធន៍ការអនុវត្តកន្លងមក អង្គប្រជុំបានសម្រេចឱ្យធ្វើការពិនិត្យនិងកែ សម្រួលផ្នែកខ្លះនៃសេចក្ដីណែនាំមុននឹងដាក់ឱ្យថ្នាក់ក្រោមជាតិអនុវត្ត។ លេខាធិការដ្ឋាន គ.ជ.អ.ប ត្រូវធ្វើរបាយការណ៍ស្ដីពី ស្ថានភាពនៃការគ្រប់គ្រង ការប្រើប្រាស់ និងការអនុវត្តមូលនិធិក្រុង ស្រុក ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរួមគ្នាបន្ត ដោះស្រាយបញ្ហាប្រឈមនានាដែលបានរកឃើញ។ កិច្ចប្រជុំក៏បានសម្រេចយកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ សម្រាប់ប្រជុំជាមួយ អនុកម្មវិធីនានានៃផអ៣បន្តទៀត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់