ដំណើរទស្សនៈកិច្ចរបស់លោក WILLCOCK ទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារពិភពលោក
- សេចក្ដីលម្អិត
- ជំពូកមេ៖ Projects
- បានបង្កើតនា សុក្រ, 18 មករា 2013 04:24
- កែចុងក្រោយនៅ សុក្រ, 18 មករា 2013 04:29
កាលពីថ្ងៃទី០៧/១២/២០១២ មានបេសកកម្មមួយរបស់លោក WILLCOCK ទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារពិភពលោកដែលអមដំណើរដោយលោកស្រី ចំរើន មុតិតា ប្រធានក្រុមការងារគាំទ្រគម្រោង LASED របស់ធនាគារពិភពលោកក្រោមការដឹកនាំ និងសម្របសម្រួលរបស់ ឯ.ឧបណ្ឌិត សារេត បូរាមីអគ្គនាយករង នៃក្រសួង ដ.ន.ស និងជានាយកគម្រោង LASED ថ្នាក់ជាតិ និង លោក លី គីមពាវ ប្រធានគម្រោង LASED ថ្នាក់ខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីនិងទីប្រឹក្សាអនុវត្តន៏គម្រោង ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងឃុំសរុបចំនួន ២១ នាក់( ស្រី ០៥នាក់ ) ។ដំណើរទស្សនៈកិច្ចនេះមានគោលបំណងដកស្រង់បទពិសោធន៏លើលទ្ធផលអនុត្តន៏គម្រោង LASED ស្ថិតក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងឧិកាសនោះដែរក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខតំណាងប្រជាពលរដ្ឋចំនួន៣២គ្រួសារ( ស្រី២០នាក់ ) បន្ទាប់មកក្រុមការងារខេត្តបានធ្វើការបង្ហាញនូវផែនទីអំពីទីតាំងសំខាន់ៗដូចជាការរៀបចំប្លង់ដីលំនៅដ្ឋាន ប្លង់ដីកសិកម្ម ទីតាំងសម្រាប់ហេដ្ឋារចនាសម្ព័ន្ឋរូបវន័្ត មានផ្លូវលំក្នុងភូមិ ប៉ុស្ត៍សុខភាព សាលារៀន អណ្តូងទឹកស្អាត ..។ល។និងទីតាំងផ្សេងៗជាច្រើនទៀត ។ ជាមួយនេះក៏បានធ្វើការ សាកសួរដល់តំណាងប្រជាពលរដ្ឋ អំពីមុនពេលនិងក្រោយពេលដែលបានទទួលសម្បទានដីសង្គមកិច្ច ថាតើមានការលំបាក ការងាយស្រួល និង សំណូមពរអ្វីខ្លះ។ តំណាងប្រជាពលរដ្ឋបានបំភ្លឺជូនថា៖ មុនពេលទទួលបានដីសម្បទានសង្គម កិច្ចនេះប្រជាពលរដ្ឋយើងខ្ញុំមានការលំបាកខ្លាំង ដោយគ្រួសាខ្លះអត់ដី និងខ្លះខ្វះដីបង្កបង្កើនផល ជីវភាពកាន់តែក្រីក្រពីមួយឆ្នាំ ទៅមួយឆ្នាំ ។ ប៉ុន្តែក្រោយពីទទួលបានដីសម្បទានសង្គមកិច្ច នេះប្រជាពលរដ្ឋយើងខ្ញុំមានការ សប្បាយរីករាយយ៉ាងខ្លាំងដោយមានការជួយគាំទ្រពីធនាគារពិភពលោក អង្គការដៃគូ បានឧបត្ថម្កជាសំភារៈប្រើប្រាស់ និងអង្ករជាច្រើនដែល ធ្វើឲ្យពួកយើងខ្ញុំមានក្តីសង្ឃឹមពីបច្ចុប្បន្ននេះទៅអនាគត ។ ពិសេសគឺយើងខ្ញុំមានដីសម្រាប់ចែកឲ្យដល់កូនចៅជំនាន់ក្រោយទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋបានសំណូមពរក្នុងការបន្តរជួយគាំទ្រដល់ ពួកគាត់បន្ថែមទៀតត្បិតពួកគាត់ទើបតែបានងើបផុតពីការលំបាកមួយកំរិត និងមិនទាន់បានរឹងដៃជើងខ្លួនឯងនៅឡើយ។

ជាបន្តក្រុមការងារ និងតំណាងធនាគារពិភពលោកបានទៅទស្សនាដោយផ្ទាល់ដល់ប៉ុស្ត៍សុខភាពសាលារៀន អណ្តូងទឹកស្អាត ..។ល។ ទីតាំងដីកសិកម្ម និងដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនទៀតនឹងបានធ្វើការផ្តល់យោបល់ជាបទពិសោធន៍ទៅលើការដាំដុះ ចិញ្ចឹមសត្វឲ្យបានតាមបទដ្ឋានបច្ចេកទេស។
ក្រោយពីបានពិនិត្យ ស្វែងយល់ និងវាយតម្លៃ អំពីការអនុវត្តគម្រោងដល់ទីតាំងជាក់ស្តែងរួចមកក្រុមការងារ និងតំណាងធនាគារពិភពលោកអាចសន្និដ្ឋានបានជារួមថាប្រជាពលរដ្ឋទទួល បានដីសម្បទានសង្គមកិច្ចក្នុងឃុំទីពោនេះមានភាពឧស្សាហ៏ព្យាយាមខ្ពស់ក្នុងការដាំដុះ ចិញ្ចឹមសត្វ យកចិត្តទុកដាក់ថែរក្សានូវសមិទ្ធិផល សហគមន៏និងបានខិតខំក្នុងការបង្កបង្កើនផលដើម្បីអភិវឌ្ឍន៏ជីវភាពរបស់ខ្លួនសម ស្របនិងគោលបំណងរបស់គម្រោង៕












