កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)

ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិក្នុងរយៈពេល១០ឆ្នាំខាងមុខ (ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០) គឺ “ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកប​ដោយ​បរិយាប័ន្ន និងសមធម៌សង្គម ដែល​រួមចំណែកសម្រេចឱ្យបាននូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”។

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ កជទី២ ត្រូវផ្តោតជាសំខាន់ទៅលើ​ការពង្រឹង និងការ​កែលម្អរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលរួមមានដូចខាងក្រោម៖

  • ការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របទៅនឹងចរិតលក្ខណៈ​​នៃរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗ រួមមានការកែសម្រួលរដ្ឋបាល​​រាជធា​នី​ភ្នំ​ពេ​ញ​ឱ្យមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារតាមចរិតលក្ខណៈជារដ្ឋបាលក្រុងមេត្រូប៉ូលីតែន រដ្ឋបា​​លខេត្តឱ្យមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារតាមចរិតលក្ខណៈជារដ្ឋបាលតំបន់ និងរដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ឱ្យមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារតាមចរិតលក្ខណៈជារដ្ឋបាលមូលដ្ឋាន
  • ការលើកកម្ពស់សមត្ថភាពគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹង និងការកែលម្អប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់​ក្រោមជាតិ ព្រមទាំ​ងការរៀបចំ និងការដាក់ឱ្យអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (អភិបាល​កិច្ចឌីជីថល)
  • រដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានហិរញ្ញវត្ថុកាន់តែច្រើន តាមរយៈការបង្កើនប្រភពចំណូល​មូលដ្ឋាន និងការផ្ទេរធនធានបន្ថែមពីថ្នាក់ជាតិប្រកបដោយតម្លាភាព អាចព្យាករណ៍បាន និងកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ជាមួយគ្នានេះដែរ រដ្ឋបាលថ្នាក់ក្រោមជាតិក៏មានសិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្រើនក្នុងការរៀបចំ និងការអនុវត្តផែនការ​និងថវិការបស់ខ្លួន
  • ការរៀបចំ ការកែសម្រួល និងការពង្រឹងយន្តការ នីតិវិធី និងស្តង់ដារសម្រាប់ការផ្តល់សេវា​សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម
  • រដ្ឋបាលថ្នាក់ក្រោមជាតិអាចវាយតម្លៃ គ្រប់គ្រង និងឆ្លើយតបដោយប្រសិទ្ធភាពទៅនឹងភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា ដើម្បី​គាំទ្រដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ​ ការអភិវឌ្ឍប្រកបដោយចីរភាព និង​បរិយាប័ន្ន​នៅក្នុងមូលដ្ឋានរបស់ខ្លួន
  • ការលើកកម្ពស់សិទ្ធិអំណាចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដាក់ចេញនូវគោលនយោបាយ ការពិនិត្យ និងអនុម័តលើផែនការ ថវិកា និងកិច្ចការចម្បងៗជាអាទិភាពដទៃទៀតរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការដោះស្រាយនូវសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ មា​ន​គោលបំណង “លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរ​ការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើកកម្ពស់គុណភាព​ជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង”។ គោលបំណងនេះបានឆ្លុះបញ្ចាំង និងធ្វើបច្ចុប្បន្នភាពនូវគោលបំណងនៃកជទី១ និងការដាក់បញ្ចូល​នូវគោលដៅជាយុទ្ធសាស្រ្តសម្រាប់អភិបាលកិច្ចនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាល​ទី៤របស់រាជរដ្ឋាភិបាលដែលបានសង្កត់ធ្ងន់លើការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ ឱ្យស្របទៅតាមការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងសង្គមកម្ពុជា និងសេចក្តីត្រូវការរបស់ប្រទេសជាតិនាពេ​ល​​​​​​​អនាគ​ត ជាពិសេសនៅពេលដែលកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០។

គោលដៅនៃកជទី២ នៅឆ្នាំ២០៣០គឺ “រចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាល
ថ្នាក់ក្រោមជាតិមានលក្ខណៈទំនើប
ស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់
សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកប ដោយ​បរិយាប័ន្ន និងសមធម៌សង្គម ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗមានសិទ្ធិអំណាចសមស្រប និងសមត្ថភាពគ្រប់គ្រាន់សម្រាប់អនុវត្តមុខងារទាំងឡាយក្រោមការត្រួតពិនិត្យពីក្រុមប្រឹក្សារបស់ខ្លួន ដើម្បីធានាដល់ការពង្រឹងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ”។

កជទី២ រួមមានសមាសភាគចំនួន៥ ដូចខាងក្រោម

សមាសភាគទី១៖ ការដឹកនាំ និងការសម្របសម្រួលការងារកំណែទម្រង់៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគ​នេះគឺ យន្តការដឹកនាំ សម្របសម្រួល និងគាំទ្រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបានពង្រឹង ដើម្បីលើកកម្ពស់ភាពជាម្ចាស់ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ននានានៅក្នុងការរៀបចំតាក់តែង និងអនុវត្តនូវកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

សមាសភាគទី២៖ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគនេះគឺ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សិទ្ធិអំណាច និងមុខងាររបស់រដ្ឋបាលថ្នាក់​ក្រោមជាតិ​​ត្រូវបានកំណត់យ៉ាងច្បាស់លាស់តាមកម្រិត និងតាមប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ស្របតាមចរិតលក្ខណៈជារដ្ឋបាលនៃតំបន់ទីក្រុងធំ រដ្ឋបាលនៃតំបន់ទីប្រជុំជន និងរដ្ឋបាលនៃតំបន់ជនបទ ដោយជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការផ្តល់សេវា​​សាធារណៈ និងការប្រាស្រ័យទាក់ទងសាធារណៈ។

សមាសភាគទី៣៖ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគនេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិជ្រើសរើស គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់បុគ្គលិករបស់ខ្លួនផ្អែកលើទំហំ​ការងារ និងលទ្ធភាពហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងមានបុគ្គលិកដែលប្រកប​ដោយ​​ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិការជំនាញវិជ្ជាជីវៈស្របតាមតួនាទី ការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងទទួលបានការអភិវឌ្ឍសមត្ថភាព និងជំនាញវិជ្ជាជីវៈជាប្រចាំ។

សមាសភាគទី៤៖ វិមជ្ឈការហិរញ្ញវត្ថុ និងប្រព័ន្ធផែនការនិងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគនេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានថវិកាដែលអាចព្យាករណ៍បាន និងមានទំហំសមស្របទៅនឹងមុខងារ និងអាទិភាពគោលនយោបាយជាតិ ហើយត្រូវបានវិភាជសម្រាប់ការប្រើប្រាស់​ប្រកបដោយភាពបត់បែនក្នុងការឆ្លើយតបទៅនឹងតម្រូវការនានា ដូចមានកំណត់នៅក្នុងផែនការអភិវឌ្ឍ កម្មវិធីវិនិយោគ និងផែនការយុទ្ធសាស្រ្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សមាសភាគទី៥៖ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគ​នេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិមានយន្ដការ នីតិវិធី និងស្តង់ដារសម្រាប់ការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍ​មូលដ្ឋាន និងការប្រាស្រ័យទាក់ទងសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គមតាមរយៈការអនុវត្តមុខងារជាអាណត្តិទូទៅ ឬមុខងារជាជម្រើស និងមុខងារជាកាតព្វកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

បន្ថែមលើសមាសភាគទាំង៥ខាងលើនេះ កជទី២ ក៏នឹងផ្តោតលើកិច្ចការអន្តរវិស័យចំនួន២ដែលរួមមាន ៖

  • ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម៖ កិច្ចការនេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិជ្រើសរើស និងគ្រប់គ្រងបុគ្គលិក រៀបចំផែនការ និងធនធាន ព្រមទាំងចាត់ចែងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋានដោយគ្មានការរើសអើង និងមិនប្រកាន់ជាតិសាសន៍ សាសនា ភេទ ជនពិការ និងឆ្លើយតបដល់ក្រុមជនងាយរងគ្រោះ​នានាក្នុងសង្គមប្រកបដោយបរិយាប័ន្ន និងសមធម៌។
  • ការគ្រប់គ្រងការកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា៖ កិច្ចការនេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិ​អាចវាយតម្លៃ គ្រប់គ្រង និងឆ្លើយតបដោយប្រសិទ្ធភាពនឹងភាពងាយរងគ្រោះពីការប្រែប្រួល​អាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា ដើម្បីគាំទ្រដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន។

កម្មវិធីជាតិដំណាក់កាលទី២ជាភាសាអង់គ្លេស ( NP2 English)

កម្មវិធីជាតិដំណាក់កាលទី២ជាភាសាខែ្មរ (NP2 Khmer)

កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១ (២០១០-២០១៩)

កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលបានតាក់តែងឡើងនេះ គឺជារបៀបវារៈការងាររបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេល១០ឆ្នាំ ក្នុងដំណើរការកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យដ៏ទូលំទូលាយ និងស៊ីជម្រៅនៅរដ្ឋបាលថ្នាក់ក្រោមជាតិហើយកំណែទម្រង់នេះក៏មានផលប៉ះពាល់មកលើស្ថាប័ននានានៅថ្នាក់ជាតិផងដែរ។ ម៉្យាងទៀតការរៀបចំឱ្យមានកម្មវិធីជាតិនេះ ក៏ជាការបញ្ជាក់អះអាងឡើងវិញនូវការប្តេជ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះចក្ខុវិស័យ នយោបាយ និងយុទ្ធសាស្ត្រដែលបានកំណត់រួចមកហើយក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់រៀបចំអង្គការសម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

ទន្ទឹមនេះ កម្មវិធីជាតិនេះក៏ត្រូវបានរៀបចំឡើងក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋបាលគ្រប់លំដាប់ថ្នាក់ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ ការលើកស្ទួយការអភិវឌ្ឍនិងការកាត់បន្ថយភាពក្រីក្របន្ថែមទៀត។ ដើម្បីសម្រេចបាននូវគោលបំណងនេះ ចាំបាច់ត្រូវរៀបចំឱ្យមានការសហការដ៏មានប្រសិទ្ធភាពរវាងកិច្ចខិតខំប្រឹងប្រែងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ដំណើរការនេះ ទាមទារឱ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសស្មើគ្នា ដើម្បីចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន និងទាមទារឱ្យមានការផ្តល់សេវាសាធារណៈដែលមានគុណភាព និងទូលំទូលាយជាងមុន ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើក្រុមជនងាយរងគ្រោះ ជាពិសេសជនជាតិដើមភាគតិច ស្ត្រី និងកុមារ។ ដូច្នេះ គោលបំណងដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺដើម្បី ៖

  • បង្កើតវប្បធម៌ប្រជាធិបតេយ្យដោយមានការចូលរួមពីប្រជាពលរដ្ឋនិងប្រកបដោយការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ
  • កែលម្អការផ្តល់សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ
  • នាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច
  • ចូលរួមកាត់បន្ថយភាពក្រីក្រ។

ឯកសារកម្មវិធីជាតិនេះ បានកំណត់នូវគោលដៅ គោលបំណង វិសាលភាពនៃក្របខ័ណ្ឌអនុវត្តកម្មវិធីជាតិ ដោយបែងចែកជាដំណាក់កាលអនុវត្ត និងសកម្មភាពសំខាន់ៗសម្រាប់អនុវត្តតាមសមាសធាតុនីមួយៗដូចដែលបានកំណត់ក្នុងឯកសារកម្មវិធី ដើម្បីឆ្ពោះទៅកាន់គោលដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ឯកសារកម្មវិធីជាតិបានកំណត់នូវសមាសធាតុកម្មវិធីចំនួន៥ រួមមាន ៖

  • ការរៀបចំស្ថាប័ននៅថ្នាក់ក្រោមជាតិ
  • ការរៀបចំប្រព័ន្ធគ្រប់គ្រងនិងអភិវឌ្ឍនធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិដ៏រឹងមាំ
  • ការផ្ទេរមុខងារ និងធនធាន
  • អំពីប្រព័ន្ធថវិកា ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • អំពីស្ថាប័នគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

កម្មវិធីជាតិ (២០១០-២០១៩) 

ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៤នៃ គ.ជ.អ.ប៖ ឯកសារស្តីពីការពន្យាមួយឆ្នាំ នៃផអ៣

ផែនការ​អនុវត្ត​​បី​ឆ្នាំដំបូង (ផអ៣ទី១) ២០១១-២០១៣ 

ផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) បង្ហាញពីដំណាក់កាលទី១ (២០១១-២០១៣) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាល។ ផអ៣ ផ្ដោតទៅលើការបង្កើត ការបំពេញមុខងារ អភិបាលកិច្ច និងការត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយចាប់ផ្ដើមជាបឋម គឺនៅថ្នាក់ក្រុង ស្រុក ដើម្បីធានាឱ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិរវាងក្រុង ស្រុកជាមួយឃុំ សង្កាត់ ក្នុងន័យពង្រឹងថែមទៀតនូវសមត្ថភាព និងភាពជាម្ចាស់របស់ឃុំ សង្កាត់ ព្រមទាំងយកចិត្តទុកដាក់ដល់ការពង្រឹងសមត្ថភាពរដ្ឋបាលរាជធានី ខេត្ត។ ជាមួយគ្នានេះដែរ ផអ៣ ក៏ផ្ដោតទៅលើការរៀបចំ តាក់តែងបន្ថែមនូវក្របខ័ណ្ឌគោលនយោបាយនានាផងដែរ។

ការពន្យាពេល ផអ៣
តាមលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិរបស់ផអ៣ និងដោយពិនិត្យឃើញថានៅមានលទ្ធផលរំពឹងទុកសំខាន់ៗមួយចំនួនទៀតរបស់ផអ៣ មិនអាចបញ្ចប់នៅ២០១៣ នេះ  គ.ជ.អ.ប បានសម្រេចពន្យាពេលផអ៣រយៈពេល១ឆ្នាំទៀតដល់ឆ្នាំ២០១៤។