កិច្ច​ប្រជុំ​​គណៈ​​គ្រប់​គ្រង​​បញ្ជ្រាប​​ការ​​ប្រែប្រួល​​អាកាសធាតុ​ ទៅ​​ក្នុង​​ដំណើរ​ការ​​កសាង​​ផែនការ​​ និង​​រៀបចំ​​ថវិកា​​ថ្នាក់​ក្រោម​ជាតិ​ (SNC Scale-up)

ភ្នំពេញ ០៦ តុលា ២០១៥៖ ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយតែងតែទទួលផលប៉ះពាល់ពីបញ្ហាប្រែប្រួលអាកាសធាតុពិសេសប្រជាពលរដ្ឋមូលដ្ឋាន ដោយសាតែពួកគេនៅមានការខ្វះខាតទាំងធនធាន និងសមត្ថភាពក្នុងការបន្សុំាខ្លួននឹងបញ្ហានេះ…

ភ្នំពេញ ០៦ តុលា ២០១៥៖ ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយតែងតែទទួលផលប៉ះពាល់ពីបញ្ហាប្រែប្រួលអាកាសធាតុពិសេសប្រជាពលរដ្ឋមូលដ្ឋាន ដោយសាតែពួកគេនៅមានការខ្វះខាតទាំងធនធាន និងសមត្ថភាពក្នុងការបន្សុំាខ្លួននឹងបញ្ហានេះ។

 

នេះជាការលើកឡើងរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងកិច្ចប្រជុំគណៈគ្រប់គ្រងគម្រោងបញ្ជ្រាបការប្រែប្រួលអាកាសធាតុ ទៅក្នុងដំណើរការកសាងផែនការ និងរៀបចំថវិកាថ្នាក់ក្រោមជាតិ (SNC Scale-up) កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។

 

ឯកឧត្តម បានបន្ថែមថា គម្រោង SNC Scale-up បានផ្តល់ឱកាសដល់រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាពស្វែងរកដំណោះស្រាយសម្រាប់មូលដ្ឋាន ហើយបានដាក់បញ្ជូលបញ្ហាទាំងនោះក្នុងផែនការវិនិយោគរបស់ខ្លួន។ បើទោះជាគម្រោងត្រូវបានបញ្ចប់ក្តី ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាក៏ដូចជាលេខាធិការដ្ឋានគ.ជ.អ.ប និងអ្នកពាក់ព័ន្ធនៅតែបន្តគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដាក់បញ្ចូលការបន្សុំាការប្រែប្រួលអាកាសធាតុក្នុងផែនការវិនិយោគដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

 

គម្រោងបញ្រ្ជាបការប្រែប្រួលអាកាសធាតុ ទៅក្នុងដំណើរការកសាងផែនការ និងរៀបចំថវិកាថ្នាក់ក្រោមជាតិ (SNC Scale-up) អនុវត្តដោយស្រុកគោលដៅចំនួន៥នៃខេត្តចំនួន៣គឺ ស្រុកព្រៃកប្បាស និងស្រុកត្រាំកក់នៃខេត្តតាកែវ ស្រុកឯកភ្នំនៃខេត្តបាត់ដំបង និងស្រុកជាំក្សាន្ត ស្រុកគូលែននៃខេត្តព្រះវិហារ ដែលបានចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០១៤ និងបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០១៥ ដោយមានការគាំទ្របច្ចេកទេស និងថវិកាដោយអង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍ (UNDP)។

 

លោក Erico Gaveglia អនុប្រធានអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានអបអរ និងកោតសរសើរដល់លេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងការអនុវត្តគម្រោង SNC Scale-up ដែលទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនដែលអាចយកជាបទពិសោធន៍សម្រាប់គម្រោងប្រែប្រួលអាកាសធាតុដទៃទៀត។

 

លោក ក៏បានសរសើរដល់ថ្នាក់ជាតិ ក៏ដូចជារដ្ឋាភិបាលដែលបានមើលឃើញ និងយល់ពីសារៈប្រយោជន៍នៃការបញ្រ្ជាបការប្រែប្រួលអាកាសធាតុដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសារអ្នកដែលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុខ្លាំងជាងគេគឺរដ្ឋបាលថ្នាក់ក្រោមជាតិ។ 

 

 

 

គម្រោង SNC Scale-up បានសម្រេចនូវលទ្ធផលយ៉ាងល្អប្រសើររហូតដល់៩៧,៨ ភាគរយក្នុងរយៈពេលមួយឆ្នាំកន្លះមកនេះដែលរួមមាន ឃុំចំនួន១៨ នៃស្រុកទាំង៥ត្រូវបានអនុវត្តឧបករណ៍វិភាគផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ( VRA) មានឃុំចំនួន៤៩ នៃស្រុកទាំង៥បានដាក់បញ្ចូលបញ្ហាប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីវិនិយោគឃុំ សេចក្តីព្រាងសេចក្តីណែនាំបច្ចេកទេសស្តីពីការបញ្រ្ជាបការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយទៅក្នុងដំណើរការកសាងផែនការឃុំ សង្កាត់ត្រូវបានពិនិត្យ និងផ្តល់យោបល់ពីក្រុមការងារបច្ចេកទេស និងមានសមិទ្ធផលជាច្រើនទៀត៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់