ជោគជ័យគម្រោងបែងចែកដីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច[LASED]
សៀមរាប៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (LASED) ជាគម្រោងរបស់រាជរដ្ឋាភិបាលដើម្បីផ្ដល់ដីជូនប្រជាពលរដ្ឋក្រីក្រគ្មានដីធ្លី និងខ្វះខាតដីតាមរយៈកម្មវិធីសម្បទានសង្គមកិច្ចថ្នាក់មូលដ្ឋានរបស់គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិដែលផ្ដល់ជំនួយបច្ចេកទេសនិងគាំទ្រថវិកាដោយ (GIZ) និងធនាគារពិភពលោក។
លទ្ធផលរបស់គម្រោងខាងលើត្រូវបានលើកយកមកពិភាក្សាក្នុងសិក្ខាសាលាមួយស្តីអំពីបទពិសោធន៍របស់គម្រោងបែងចែកដីធ្លីសង្គមកិច្ចនិងការអភិវឌ្ឍន៍ (LASED) នាព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅសណ្ឋាគារប៉ារ៉ាឌីស ខេត្តសៀមរាបដោយអញ្ជើញចូលរួមពីលោកឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
បន្ទាប់ពីកិច្ចប្រជុំគេក៏បានចែកជូននូវសេចក្ដីប្រកាសព័ត៌មានដែលក្នុងនោះមានខ្លឹមសារថា គម្រោង(LASED) បាននិងកំពុងអនុវត្តនៅខេត្តគោលដៅចំនួនបី គឺខេត្តក្រចេះ កំពង់ចាម និងកំពង់ធំ និងក្របខ័ណ្ឌគម្រោង(LASED) អនុវត្តដោយអង្គការលំនៅស្ថានមនុស្សសញ្ជាតិអន្តរជាតិប្រចាំកម្ពុជា (HFHIC) ក្រោមជំនួយថវិកាគាំទ្រពីមូលនិធិអភិវឌ្ឍន៍សង្គមនៃប្រទេសជប៉ុន(JSDF) តាមរយៈWB អនុវត្តនៅខេត្តបាត់ដំបង កំពង់ឆ្នាំង និងកំពង់ស្ពឺ។ គម្រោង(LASED) បានចាប់ផ្ដើមពីឆ្នាំ២០០៥ ហើយនៅខែមិថុនា ឆ្នាំ២០០៨ ធនាគារពិភពលោក និង (GIZ) បានគាំទ្រថវិការយៈពេល៥ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០១៣។
រហូតមកដល់ពេលនេះគម្រោង(LASED) និងក្របខ័ណ្ឌគម្រោង(LASED) បានសម្រេចលទ្ធផល គួរជាទីមោទនៈដែលបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋសម្រាប់គោលដៅសម្បទានដីសង្គមកិច្ចលើ ផ្ទៃដីសរុប ១៤.១២៧ ហិកតា នៅឃុំចំនួន ១៣ក្នុងខេត្តក្រចេះ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និងបាត់ដំបង និងគ្រួសារអ្នកទទួលដីចំនួន ៤.៧៧៥គ្រួសារ។ ក្រៅពីផ្ដល់ដីសម្រាប់កសាងលំនៅស្ថាន និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ គម្រោងបានផ្ដល់សម្ភារៈមួយចំនួនសម្រាប់តាំងលំនៅស្ថាន លើទីតាំងថ្មី និងការធ្វើកសិកម្មជាលក្ខណៈគ្រួសាររួមមានដូចជា អង្ករស្បៀងពលកម្ម កញ្ចប់សម្ភារៈកសិកម្ម គ្រឿងសំណង់ផ្ទះ ចង្កៀងប្រើពន្លឺព្រះអាទិត្យ សម្ភារៈបង្គន់អនាម័យ ពូជដំណាំហូបផ្លែ បន្លែ និងពូជមាន់ជាដើម។
ជាងនេះទៅទៀតគម្រោងបានផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្ថែមដូចជា ផ្លូវចំនួន១៧៤ខ្សែ ស្មើនឹង២២០ គីឡូម៉ែត្រ សាលារៀន៨ខ្នង ប៉ុស្តិ៍សុខភាពចំនួន២កន្លែង មណ្ឌលសហគមន៍ចំនួន២កន្លែង អណ្ដូងស្នប់ចំនួន១០៩ និងអណ្ដូងចំហ ១៨៧។ ក្រៅពីនោះគម្រោងបានផ្ដល់វគ្គបណ្ដុះបណ្ដាលដើម្បីកសាងសមត្ថភាពបន្ថែមទាក់ទងនិងបច្ចេកទេសកសិកម្ម ការប្រើប្រាស់ទឹក អប់រំ សុខភាព ច្បាប់ភូមិបាល ច្បាប់ព្រៃឈើ ច្បាប់បរិស្ថាន និងយេនឌ័រ។
រហូតមកដល់បច្ចុប្បន្ន គ្រួសារអ្នកទទួលដីពីគម្រោងដី(LASED) ចំនួន១.៩៩៩គ្រួសារ បានតាំងទីលំនៅ និង ២.១៩៦ គ្រួសារបានបង្កបង្កើនផលលើដីកសិកម្មដូចជា ដំឡូងមី ស្រូវ ពោត សណ្ដែក និងដំណាំយុទ្ធសាស្ត្ររយៈពេលវែងដូចជា កៅស៊ូ ចន្ទី ស្វាយ និងខ្នុរជាដើម។ បន្ទាប់ពីសាលារៀនបានកសាងរួចនិងបច្ចុប្បន្នមានសិស្សចំនួន៦៣០ នាក់កំពុងចូលសិក្សា និងគ្រូ១០នាក់។
ប្រាក់ចំណូលដែលធ្លាប់រកទទួលបានមួយថ្ងៃៗក៏បានកើនឡើងរហូតដល់១ពាន់ដុល្លារ ទៅ២ពាន់ ដុល្លារក្នុងមួយឆ្នាំ និងមានសមត្ថភាពសម្រាប់សងបំណុលដែលបានជំពាក់ពីមុនពេលមករស់នៅ លើដីសម្បទាន៕ គូលែន
ដកស្រង់ចេញពីរស្មីកម្ពុជា ឆ្នាំទី២០ លេខ៥៩៦៩ ថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២












