គម្រោង LASED ចែកអង្ករ និងស្រូវពូជដល់គ្រួសារថ្មីនៅតំបន់ដីសម្បទានសង្គមកិច្ច
កំពង់ធំ ២៨ កញ្ញា ២០១២៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១២ បានធ្វើការចែកអង្ករ និងស្រូវពូជដល់មុខសញ្ញាទទួលដីថ្មីចំនួន ៣០០គ្រួសារបន្ថែមទៀត នៅតំបន់ដីសម្បទានសង្គមកិច្ចទីពោតំបន់២ ដែលស្ថិតនៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
អង្ករដែលបានធ្វើការចែកជូនក្នុងពេលនេះមានចំនួនសរុប ៦០តោន សម្រាប់ប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២០០ គីឡូក្រាម។ ជាមួយគ្នានេះផងដែរ ស្រូវពូជ (ផ្ការំដួល) ចំនួន ៦តោន ក៏ត្រូវបានធ្វើការចែកជូនដល់ប្រជាពលរដ្ឋទាំង៣០០គ្រួសារនេះផងដែរ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន ២០គីឡូក្រាម។
ពិធីចុះចែកអង្គរនិងពូជស្រូវនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ឈុន ឈន់ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្ដម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោង LASED ថ្នាក់ជាតិ ដោយមានការចូលរួមពីក្រុមការងារគម្រោងថ្នាក់ជាតិ ថ្នាក់ខេត្ត តំណាងមន្ទីរពាក់ព័ន្ធ ក្រុមការងារស្រុកសន្ទុក ឃុំ និងតំណាងគ្រួសារក្រីក្រសរុបចំនួន ៣២៧នាក់ ក្នុងនោះស្រី្តចំនួន ២៣៦នាក់។
ឯកឧត្ដម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោង LASED ថ្នាក់ជាតិបានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឲយកចិត្តទុកដាក់ប្រើប្រាស់នូវអំណោយនេះ ដើម្បីជាទុនក្នុងការចូលតាំងទីលំនៅ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានធ្វើការចែកជូនដល់ប្រជាពលរដ្ឋក្រីក្រទាំង ៣០០គ្រួសារនេះ។
ឯកឧត្ដម ជាម ប៉េអា ក៏បានគូសបញ្ជាក់បន្ថែមនូវសារៈសំខាន់ក្នុងការផ្ដល់នូវពូជស្រូវ ដែលជាពូជបានធ្វើការពិភាក្សាជាមួយសហគមន៍ និងមានការឯកភាពពីមន្ទីរកសិកម្មដែលសមស្របសម្រាប់តំបន់នេះផ្ទាល់។ "សូមអោយប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការដាំដុះ ជាពិសេសការយកទៅបុកដំាជាលក្ខណៈស្រូវចម្ការ ដែលមានលទ្ធភាពផ្ដល់ផលខ្ពស់សមស្របតាមលក្ខខណ្ឌក្នុងតំបន់។ ពូជស្រូវនេះគួរត្រូវខិតខំរក្សាអោយមានជានិរន្តនៅក្នុងសហគមន៍យើង"។
ឯកឧត្ដម ឈុន ឈន់ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានធ្វើការផ្ដល់នូវអនុសាសន៍សំខាន់ៗលើការរស់នៅ និងប្រើប្រាស់ដីដែលគម្រោងបានធ្វើការចែកជូនដល់ប្រជាពលរដ្ឋអោយបានល្អ ដើម្បីឈានទទួលបានប័ណ្ណកម្មសិទ្ធិសមស្របនៅពេលខាងមុខ។
ឯកឧត្ដមមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងបែងចែកដីសម្បទានសង្គមកិច្ច ដែលបានជួបប្រទះនូវឧបសគ្គជាច្រើនហើយបានខិតខំដោះស្រាយរហូតបានលទ្ធផលជាផ្លែផ្កាដូចថ្ងៃនេះ។ "ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋយើងខិតខំបន្តរក្សានូវនិរន្តរភាពនិងការប្រើប្រាស់ដីទាំងនេះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ដើម្បីឆ្លើយតបនឹងការខិតខំអស់ពីកម្លាំងកាយចិត្តរបស់ក្រុមការងារគម្រោងយើងនិងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល"។
ប្រជាពលរដ្ឋដែលទទួលបានអំណោយនេះបានសម្ដែងនូវទឹកចិត្តរីករាយ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរ និងម្ចាស់ជំនួយ ដែលបានយកចិត្តទុកដាក់និងរួមសហការកៀរគរធនធាន ផ្ដល់នូវអំណោយនៅថ្ងៃនេះ ដែលប្រជាជនកំពុងជួបប្រទះនូវភាពខ្វះខាត។
អំណោយជាអង្ករនេះអាចផ្ដល់លទ្ធភាពដល់ប្រជាជនក្នុងការបរិភោគក្នុងគ្រួសារបានរយៈពេលពី ០២ ទៅ ០៣ខែ ដែលធ្វើអោយពូកគាត់មានពេលគ្រប់គ្រាន់ក្នុងការចូលចាប់ផ្ដើមតាំងទីលំនៅនៅក្នុងតំបន់ថ្មីដែលរាជរដ្ឋាភិបាលបានប្រគល់ជូនក្នុងរូបភាពជាដីសម្បទានសង្គមកិច្ច ហើយនឹងអនុវត្តតាមការណែនាំរបស់គម្រោងរហូតទទួលបានជោគជ័យក្នុងការរស់នៅលើទឹកដីថ្មីនេះ៕













