Message from the chairman

he-moi

Deputy chairman

HE-MOEF

NCDD Library

library

Latest Report

លិខិតបទដ្ឋានគតិយុត្តថ្មីៗ

អនុក្រឹត្យការសុំច្បាប់មន្រ្តីរាជការស៊ីវិល

ពិធី​ចាប់ឆ្នោត​យក​ឡូតិ៍​ដី​លំនៅឋាន និង​ឡូតិ៍​ជី​កសិកម្ម នៅ​ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ របស់​គម្រោង LASED

lased lottery lucky draw 12ក្រចេះ ១៩ តុលា ២០១២៖ នៅ​ថ្ងៃទី ១៤ ខែ​កញ្ញា ឆ្នាំ​២០១២​  វេលា ម៉ោង៩ ព្រឹក នៅ​ក្នុង​ទីធ្លា​សាលា​ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ មាន​រៀបចំ​ពិធី​ចាប់ឆ្នោត​យក​ដី​ឡូតិ៍​លំនៅឋាន និង​ដី​ឡូតិ៍​កសិកម្ម របស់​ប្រជាពលរដ្ឋ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​ជុំ​ទី២​ចំនួន ១៦៣ គ្រួសារ។

 

ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​នោះ​រួមមាន ឯកឧត្ដម​បណ្ឌិត សារេត​ បូរាមី នាយក​គម្រោង LASED ឯកឧត្ដម ខ័ណ្ឌ ចំណាន អភិបាល​រង​ខេត្ត និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង LASED ខេត្ត​ក្រចេះ លោក សួន ញ៉ាក អភិបាល​ស្រុក​ចិត្របុរី និង​មាន​ការ​ចូលរួម​ដោយ​ក្រុម​ការងារ​គម្រោង LASED /GSSLC ក្រុម​ការងារ​គម្រោង LASED ថ្នាក់​ខេត្ត ក្រុម​ការងារ​ថ្នាក់​ស្រុក ក្រុម​ការងារ​ឃុំ អង្គការGIZ និង​ប្រជាពលរដ្ឋ ទទួល​បាន​ដី​ទាំង​ជុំទី១​ និង​ជុំទី២​សរុប​ប្រមាណ​ជាង ៥០០នាក់។

 

លោក​ មុំ ខាន់ មេឃុំ​ថ្មី​បាន​ថ្លែង​អំណរ​គុណ​ដល់​គណៈអធិបតី​ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​មាន​តម្លៃ​ដើម្បី​ចូលរួម​ក្នុង​ពិធី​ចាប់ឆ្នោត​យក​ដី​ឡូតិ៍​លំនៅឋាន នឹង​ដីឡូតិ៍​កសិកម្ម​នៅ​ក្នុង​ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​ជុំ​ទី២នេះ និង​ចែក​សម្ភារ​បង្គន់​អនាម័យ​ដល់​ប្រជាពលរដ្ឋ​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច សរុប​ចំនួន ៤៣២គ្រួសារ ក្នុង​នោះ​ជុំ​ទី១​ចំនួន ២៦៩ គ្រួសារ និង​ជុំ​ទី២ចំនួន ១៦៣ គ្រួសារ​ ហើយ​នេះ​ជា​លើក​ទីពីរ​ហើយ​ដែល​ឃុំ​ថ្មី​បាន​រៀបចំ​ពិធី​ចាប់ឆ្នោត​យក​ដី​ឡូតិ៍​ក្នុង​ទីតាំង​សម្បទាន​ដី​សង្គម​កិច្ច។

 

lased lottery lucky draw 14លោក សំ ភឿន តំណាង​ប្រជាពលរដ្ឋ​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច​បាន​ថ្លែង​អំណរគុណ​ដល់​រាជ​រដ្ឋាភិបាល ដែល​បាន​ផ្ដល់​ដី​ដល់​ពួកគាត់​តាម​រយៈ​គម្រោង LASED ហើយ​ពួកគាត់​មាន​សេចក្ដី​ត្រេកអរ​យ៉ាង​ខ្លាំង ដែល​ឃុំ​របស់​គាត់​មាន​សម្បទាន​ដី​សង្គម​កិច្ច​សម្រាប់​ចែក​ជូន ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​នោះ​មាន​ដី​ឡូតិ៍​លំនៅឋាន ដី​ឡូតិ៍​កសិកម្ម និង​មាន​ចែក​ជូន​ជា​សម្ភារ​លំនៅឋាន និង​សម្ភារ​កសិកម្ម​ជា​បន្ត​បន្ទាប់​ទៀត​ផង។ តំណាង​ប្រជាពលរដ្ឋ​បាន​ប្ដេជ្ញា​ចិត្ត ថា​នឹង​ទៅ​រស់នៅ​លើ​ដី​ទាំងពីរ​ប្រភេទ​នោះ ហើយ​ខិតខំ​កាប់ឆ្ការ សម្អាត បង្កបង្កើន​ផល​ឲ្យ​បាន​ជោគជ័យ និង​កាន់កាប់​លើ​ដី​នោះ​ជា​រៀង​រហូត។

 

lased lottery lucky draw 15ឯកឧត្ដម ខ័ណ្ឌ ចំណា អភិបាល​រង​ខេត្ត និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង LASED ខេត្ត​ក្រចេះ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទីពីរ​ហើយ​ដែល​ឃុំ​ថ្មី​មាន ព្រឹត្តិការ​ចាប់ឆ្នោត​ជ្រើសរើស​ឡូតិ៍​ដី​ដែល​យើង​ទទួល​បាន​ពី​គម្រោង LASED ដែល​ជា​គម្រោង​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ចូលរួម​កាត់ បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ហើយ​កន្លង​មក​នៅ​ឃុំ​ថ្មី​ក្នុង​ជុំ​ទី១ ប្រជាពលរដ្ឋ​បាន​ទទួល​ដី​កសិកម្ម​ចំនួន​៥១​គ្រួសា និង​ដី​លំនៅឋាន​ចំនួន​៥​គ្រួសារ ហើយ​ទទួល​បាន​ដី​ទាំង​ពីរ​ប្រភេទ​ចំនួន ២១៣ គ្រួសារ។

 

 

ដោយ​ឡែក​នៅ​ជុំ​ទី២​នេះ មាន​ដី​លំនៅឋាន​ចំនួន ១៣៨ គ្រួសារ  និង​ដី​កសិកម្ម​ចំនួន ១៦០​គ្រួសារ។ នៅ​ជុំ​ទី១ យើង​បាន​បង្ហាញ​ដី​ឡូតិ៍​ជូន​បង​ប្អូន​ជា​បន្ត​បន្ទាប់ និង​បាន​ចែក​សម្ភារ​លំនៅឋាន សម្ភារ​កសិកម្ម ស្បៀង​ពលកម្ម និង​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​រួច​រាល់​ហើយ។ ដោយឡែក​យើង​នៅ​សល់​មួយ​មុខ​ទៀត​គឺ​សម្ភារ​បង្គន់​អនាម័យ (លូ​ចំនួន​៤កង់ ចាន​បង្គន់ គម្រប​ពី​លើ​លូ ស័ង្កសី​៣​សន្លឹក និង​ទុយោ​ជ័រ) សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​ដី​លំនៅឋាន​ទាំង​ជុំ​ទី១​ និង​ជុំ​ទី២។ ថ្ងៃនេះ​យើង​បាន​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​ឲ្យ​ដឹក​សម្ភារ​បង្គន់​មក​ហើយ តែ​ដោយសារ​យើង​បាន​ជ្រើសរើស​មុខ​សញ្ញា​ទទួល​ដី​លំនៅឋាន​មិន​បាន​គ្រប់​ចំនួន​តាម​ចំនួន​កំណត់​ដែល​បាន​ធ្វើ​លទ្ធកម្ម​ ដោយ​នៅ ខ្វះ៥៣ គ្រួសារ​ទៀត។ ដូច្នេះ​ក្រុមហ៊ុន​រង់ចាំ​ដឹក​មក​ឲ្យ​គ្រប់​ចំនួន។​ ម្យ៉ាងទៀត​យើង​មាន​សម្ភារ​កសិកម្ម​សម្រាប់​ជុំ​ទី២​រួចហើយ គឺ​នៅ​ខ្វះ​តែ​អង្ករ ១៦០ គ្រួសារ ដែល​គ្រោង​ចែក​ជូន​នៅ ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ២០១២ ​ខាង​មុខ​នេះ។

 

 

ចំពោះ​មុខ​សញ្ញា​ដែល​បាន​ជ្រើសរើស​នោះ​គឺ​ដី​កសិកម្ម​លើស​ផែនការ​ចំនួន ៦៥ គ្រួសារ និង​ដី​លំនៅឋាន​ខ្វះ ៥៣ គ្រួសារ។ ចំពោះ​សម្ភារ​សាងសង់​ផ្ទះ យើង​បាន​ចែក​ជូន​រួច​ហើយ​សម្រាប់​ជុំ​ទី១ និង​ជុំ​ទី២​នៅ​ខ្វះ​តែ​ស័ង្កសី និង​ជើង​តាង។​ ដូច្នេះ​នៅ​ក្នុង​ឃុំ​ថ្មី​ ទាក់ទង​នឹង​សម្ភារ​មិន​មាន​ការ​យឺតយ៉ាវ​ទេ ដោយ​សារ​យើង​មាន​សម្ភារ​ក្នុង​ឃ្លាំង​មុន​ពេល​ជ្រើសរើស​មុខ​សញ្ញា។ ទាក់ទង​ការងារ​ហេដ្ឋារចនាសម្ព័ន្ធ យើង​កំពុង​ឈូស​ឆាយ​ផ្លូវ​ក្នុង​ទីតាំង​ដី សម្អាត​ដី​ឡូតិ៍​កសិកម្ម និង​ដី​លំនៅឋាន​បាន​ពីរ​ដំណាក់​កាល​រួច​ហើយ ជាពិសេស​ផ្លូវចូល​ទីតាំង​ដី​ប្រវែង ១៦០០ម កំពុង​ដេញថ្លៃ នៅ​តែ​បង្ហាញ​ដី​ឡូតិ៍​ជូន​បងប្អូន គឺ​បងប្អូន​អាច​ចូល​ទៅ​សាងសង់​ផ្ទះ និង​រស់នៅ​បាន​ហើយ។

 

lased lottery lucky draw 5ឯកឧត្ដម​បណ្ឌិត សារេត បូរាមី នាយក​គម្រោង LASED​ បាន​មាន​ប្រសាសន៍​សំណេះ​សំណាល និង​ចូលរួម​សប្បាយ​រីករាយ​ជា​ពន់ពេក​ជាមួយ​បងប្អូន ទទួល​បាន​ដី​ទាំងអស់​នៅ​ក្នុង​ឃុំ​ថ្មី​ដែល​ថ្ងៃនេះ​យើង​បាន​ធ្វើ​ពិធី​ចាប់​ឆ្នោត​យក​លេខ​ឡូតិ៍​ដី​លំនៅឋាន និង​លេខ​ឡូតិ៍​ដី​កសិកម្ម។អ្នក​ខ្លះ​បាន​ដី​លំនៅឋាន អ្នក​ខ្លះ​បាន​ដី​កសិកម្ម និង​អ្នក​ខ្លះ​បាន​ដី​ទាំងពីរ​ប្រភេទ។​ ចំពោះ​ទីតាំង​ដី​មាន​ចម្ងាយ​ប្រហែល ៤ គម ពី​សាលា​ឃុំ​នេះ​ទេ ហើយ​បងប្អូន​ក៏​បាន​ស្គាល់​ទីតាំង​ដី​នេះ​ដែរ។ ដូច្នេះ​ជា​ការ​ងាយ​ស្រូល ដែល​ឃុំ​ថ្មី​ពេល​ជ្រើសរើស​ដី គឺ​ក្រុម​ការងារ​បាន​កំណត់​យក​ទីតាំង​ដី​នេះ ព្រោះ​ជា​ទីតាំង​ដែល​ល្អ នៅ​ក្បែរ​ភូមិ​ស្រាប់ ហើយ​ដែល​គ្រោង​រៀបចំ​ភូមិ​ថ្មី​នេះ​ឲ្យ​ចេញ​ជា​រូបរាង​នៅ​លើ​ទីតាំង​ដី​ដូច​ក្នុង​ផែនទី​ដែល​បាន​បង្ហាញ​នេះ។

 

 

ឯកឧត្ដម​បណ្ឌិត​បាន​មាន​ប្រសាសន៍​ទៀត​ថា ឱកាស​នៃ​ការ​ប្រគល់​ដី​ឬ​ចែក​ដី​នេះ គឺ​ជា​លទ្ធផល​ជំហាន​ទីមួយ ប៉ុន្តែ​វា​ជា​លទ្ធផល​សំខាន់​បំផុត ហើយ​សូម​ចូលរួម​សប្បាយ​រីករាយ​ជា​ទី​បំផុត​ជាមួយ​បងប្អូន ហើយ​សមិទ្ធផល​ដែល​ទទួល​បាន​ថ្ងៃនេះ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​ក្រុម​ការងារ​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក និង​ក្រុម​ការងារ​ថ្នាក់​ឃុំ។ ដី​នេះ​ត្រូវ​បាន​ប្រកាស ជា​ដី​សម្បទាន សង្គម​កិច្ច​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​តាំង​ពី​ឆ្នាំ២០១០​មក ។ដូច្នេះ​វា​មាន​ពេល​វេលា​យូរ​ហើយ​ដែរ។ ម្យ៉ាងទៀត​ដី​នេះ​ជា​ដី​ដែល​រាជ​រដ្ឋាភិបាល​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​យើង​ខ្ញុំ ជា​មន្ត្រី​របស់​រាជ​រដ្ឋាភិបាល​ជា​អ្នក​អនុវត្ត ហើយ​មិន​មាន​អង្គការ ឬ​ស្ថាប័ន​ណា​មួយ​មាន​សិទ្ធ ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ​ឡើយ។

 

 

ឯកឧត្ដម​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទទួល​បាន​ដី​ទាំង អស់​ឲ្យ​ឯកភាព​គ្នា​លើ​មតិ​ប្ដេជ្ញា​ចិត្ត​តំណាង​របស់​ខ្លួន​ថា នឹង​ទៅ​រស់នៅ​លើ​ដី​ទាំងពីរ​ប្រភេទ​នោះ​ខិតខំ​កាប់ឆ្ការ សម្អាត បង្កបង្កើន​ផល ឲ្យ​បាន​ជោគជ័យ និង​ធ្វើ​ឲ្យ​ជីវភាព​បាន​ធូរធារ ហើយ​កាន់កាប់​ជា​មរតក​លើ​ដី​នោះ​ជា​រៀង​រហូត ហើយ​សូម​ឲ្យ​ពាក្យ​នេះ​ក្លាយ​ជា​សកម្ម​ច្បាស់លាស់​ពិត​ប្រាកដ ដើម្បី​បញ្ជាក់​ពី​ការ​ឯកភាព​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​បងប្អូន។ អ្វី​ដែល​ក្រុម​ការងារ​ចង់​បាន​គឺ​ពេល​បងប្អូន​បាន​ដី​ហើយ គឺ​ទៅ​រស់នៅ​និង​បង្កបង្កើន​ផល​លើ​ដី​នោះ ដើម្បី​បង្កើន​កម្រិត​ជីវភាព​រស់​នៅ​របស់​បងប្អូន។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​យើង​ទាំង​អស់​គ្នា គឺ​ក្រោយ​ពី​បាន​ប្រគល់​ដី​ជូន​បងប្អូន​រួច​ហើយ​បែរ​ជា​គ្មាន​អ្នកណា​ម្នាក់​ទៅ​រស់​នៅ​លើ​ដី​នោះ ហើយ​ទាំងអស់​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ការងារ​យើង​ខ្ញុំ​តាំងពី​ថ្នាក់​ជាតិ​ ថ្នាក់ ខេត្ត ​ថ្នាក់​ស្រុក និង​ថ្នាក់​ឃុំ ដែល​មាន​ន័យ​ថា ក្រុម​ការងារ​យើង​ខ្ញុំ​បាន​ផ្ដល់​ដី​ដល់​អ្នក​មិន​ចង់ ទៅ​រស់​នៅ។

 

 

ឯកឧត្ដម​បាន​បញ្ជាក់​ថា យើង​អាច​បង្កើត​ជា​ភូមិ​ថ្មី​ព្រោះ​ទីតាំង​ដី​នេះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែរ។ ទាំងនេះ​គឺជា​ការ​ណែនាំ​របស់​ថ្នាក់​ដឹកនាំ ព្រោះ​កាលណា​មាន​ភូមិ​ថ្មី យើង​ងាយ​ស្រួល​គ្រប់គ្រង និង​ចងក្រង​ជា​សហគមន៍។ ទាក់ទង​នឹង​ស្បៀង​ពលកម្ម សូម​ឲ្យ បងប្អូន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ធ្វើ​ពលកម្ម​នៅ​លើ​ដី​ដែល​បាន​ផ្ដល់​ជូន​មិនមែន​ដី​ដែល​បងប្អូន​ធ្លាប់​រស់នៅ ឬ​ដី​នៅ​កន្លែង​ផ្សេង​ទៀត​នោះ​ទេ។ ដូច្នេះ​យើង​ចង់​ឃើញ​ដី​ដែល​បាន​ចែក​ជូន​ទាំង​ដី​លំនៅឋាន និង​ដី​កសិកម្ម​ស្អាត​ក្រោយ​ពី​បាន​ប្រគល់​ជូន​រួច។ ចំពោះ​ដី​កសិកម្ម​គម្រោង​ ជួយ​ឈូស​ឆាយ​ជូន​កន្លះ​ហិកតា​ក្នុង​មួយ​គ្រួសារ។ ដូច្នេះ​ផល​ដែល​បាន​បងប្អូន​អាច​យក​មក​សម្អាត​ដី​បន្ត​ទៀត។​ ពិធី​នេះ​បាន​បន្ត​រហូត​ប្រជាពលរដ្ឋ​បាន​ចាប់​ឆ្នោត​យក​ដី​ឡូតិ៍ និង​ចែក​សម្ភារ​ដល់​អ្នក​ទទួល​ដី​ទាំង​ជុំ​ទី១ និង​ជុំ​ទី២ សរុប​ចំនួន ៤៣២ គ្រួសារ៕ ដោយៈ ស៊ិន សុខុន

lased lottery lucky draw 6lased lottery lucky draw 7

lased lottery lucky draw 8lased lottery lucky draw 9

lased lottery lucky draw 10lased lottery lucky draw 11