ព្រះសីហនុ, ២៩ វិច្ឆិកា ២០១១៖ នៅថ្នាក់មូលដ្ឋាន ជាពិសេសនៅថ្នាក់ឃុំ សង្កាត់ ស្ត្រី និងកុមារនៅមានបញ្ហាជួបប្រទះមួយចំនួន ដូចជា កង្វះអាហារ
រូបត្ថម្ភ កង្វះអនាម័យ និងជីវភាពរស់នៅរបស់ប្រជាជន ចំនួនថ្នាក់មតេយ្យសិក្សានៅឃុំ សង្កាត់មិនទាន់បានសមស្របទៅនឹងចំនួនកុមារដែលមាននៅមូលដ្ឋាន ការបណ្តុះបណ្តាលគ្រូមតេយ្យដ៏មានទេពកោសល្យមិនទាន់មានចំនួនគ្រប់គ្រាន់។
លោកស្រី សារ៉ា ឃ្លីប អនុប្រធានអង្គការ UNFPA បានលើកឡើងនៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យការអនុវត្តផែនការសកម្មភាព និងការរៀបចំផែនការសកម្មភាពឆ្នាំ២០១២លើផ្នែកសេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ថា បញ្ហារបស់ប្រជាជនមានន័យថា បញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជ បញ្ហាមេរោគអេដស៍ បញ្ហាមនុស្សចាស់ បញ្ហាទាក់ទងនឹងយុវវ័យ បញ្ហាសុខភាពរវាងបុរសនិងស្ត្រី និងបញ្ហាអំពើហឹង្សាក្នុងគ្រួសារ។
នៅឆ្នាំ២០១១ អង្គការសិទ្ធិកុមារ (UNICEF) បានអនុវត្តកម្មវិធីសិទ្ធិកុមាររបស់ខ្លួនតាមក្របខ័ណ្ឌនៃវិធីសាស្ត្រផ្អែកលើកម្មវិធីជាតិ គឺកម្មវិធីនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផែ្នកបច្ចេកទេសដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ និងគណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ សម្រាប់ចូលរួមដោះស្រាយ និងកែលម្អគុណភាពសេវាសង្គមសម្រាប់កុមារ ជនងាយរងគ្រោះ និងស្រ្តី តាមប្រព័ន្ធផែនការថវិការដ្ឋបាលថ្នាក់ក្រោមជាតិដែលបានចាប់ផ្តើមពី៦ខេត្ត ដែលឥឡូវនេះ ត្រូវបានពង្រីកបាន១៤ ខេត្ត រាជធានី ដោយសហការយ៉ាងជិតស្និទជាមួយក្រសួងមហាផ្ទៃ និង លេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងការពង្រឹងសមត្ថភាពគណៈកម្មាធិការទាំងនោះ ដោយដាក់បញ្ចូលថវិកាទាំងនោះនៅក្នុងផែនការសកម្មភាព និងថិវកាប្រចាំឆ្នាំរបស់រាជធានី ខេត្ត ឃុំ សង្កាត់គោលដៅ។
នៅឆ្នាំ២០១២ខាងមុខនេះ អង្គការ UNICEF នឹងគាំទ្រខេត្តចំនួនពីរទៀត គឺខេត្តប៉ៃលិន និងខេត្តក្រចេះ ក្នុងការពង្រឹងសមត្ថភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៅថ្នាក់ខេត្ត ស្រុក ក្រុង និងគណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់គោលដៅរបស់កម្មវិធី ក្នុងនោះ អង្គការ UNFPA ក៏បានរួមចំណែកក្នុងការគាំទ្រគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ នៃក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ និងគណៈកម្មការទទួលបន្ទុកកិច្ចការនារី កុមារឃុំ សង្កាត់នៅខេត្ត ក្រុងក្នុងគោលដៅរបស់ខ្លួនផងដែរ។
ក្នុងឆ្នាំ២០១១ អង្គការ UNFPA បានសហការជាមួយ អង្គការ UNICEF ក្នុងការអភិវឌ្ឍន៍ក្របខ័ណ្ឌណែនាំ និងមុខងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៅថ្នាក់ខេត្ត និងស្រុក។ ក្នុងឆ្នាំ២០១២ នេះ អង្គការ UNFPA នឹងផ្តល់ថវិកាតាមរយៈលេខាធិការដ្ឋាន គ.ជ.អ.ប។
ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យការអនុវត្តផែនការសកម្មភាព និងការរៀបចំផែនការសកម្មភាពឆ្នាំ២០១២លើផ្នែកសេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ថា គោលដៅដ៏ចម្បងដែលនាំអោយមានការគាំទ្រនេះ គឺដើម្បីធានាថា គណៈកម្មាធិការទាំងនោះមានវិធីសាស្ត្រ និងមធ្យោបាយផ្សេងៗដើម្បីបញ្ចូលសកម្មភាពដែលទាក់ទងទៅនឹងស្ត្រីនិងកុមារក្នុងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគនៃរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដោយផ្អែកលើភស្តុតាងច្បាស់លាស់ ក្នុងគោលដៅដើម្បីធានាថា សម្លេងកុមារ និងស្ត្រីត្រូវបានដឹងលឺ ហើយតួនាទីមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់ និងគ្រប់គ្រងសេវាសាធារណៈជាមូលដ្ឋានត្រូវបានកំណត់ និងប្រែក្លាយទៅជាឧបករណ៍ និងវិធាននានាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនសម្រាប់កសាងផែនការក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការ។
ដើម្បីដោះស្រាយបញ្ហាជួបប្រទះមួយចំនួនរបស់ស្ត្រី និងកុមារនៅថ្នាក់មូលដ្ឋាន ជាពិសេសនៅថ្នាក់ឃុំ សង្កាត់នោះ ឯកឧត្តម ជាម ប៉េអា បានលើកឡើងនូវវិធានការណ៍ពីរចាំបាច់៖
វិធានការណ៍ទី១៖ សំដៅទៅលើការអប់រំ ណែនាំទៅដល់ក្រុមដែលត្រូវជួយសង្គ្រោះ ជួយអន្តរាគមន៍ដោយក្នុងនោះអង្គការ UNICEF បានធ្វើការកត់សម្គាល់ថាប្រសិនបើគេចំណាយថវិកាតែ ២.០០០ រៀល សម្រាប់អោយកុមារ និងស្ត្រីទទួលបានកម្មវិធីសម្អាតដៃជើងឬធ្មេញ ឬក៏ទម្លាក់ព្រូនជាអចិន្ត្រៃយ៍នោះ ជំងឺឆ្លងអាចត្រូវបានកាត់បន្ថយយ៉ាងតិច៣០ភាគរយ។
វិធានការណ៍ទី២៖ ត្រូវគិតគូពិចារណានៅក្នុងផែនការ និងថវិកានៅក្នុងឆ្នាំ២០១២នេះ ទៅលើការរៀបចំឬការផ្តួចផ្តើមនៅក្នុងគ្រួសារដែលងាយគ្រោះ ក្រុមកុមារដែលខ្វះអាហាររូបត្ថម្ភអោយក្រុមគ្រួសារទាំងនោះមានការបង្កើតនូវសួនគ្រួសារដើម្បីមានបន្លែហូបគ្រប់គ្រាន់ក្នុងការបង្កើនជីវជាតិនៅក្នុងចំណីអាហារ។ «នៅក្នុងថ្នាក់រៀននីមួយៗដែលកម្មវិធី UNICEF បានគាំទ្រ គួរគិតទៅលើអាហារសម្រន់សម្រាប់កុមារដែលជាផ្នែកមួយនៃការទាក់ទាញអោយកុមារមានទឹកចិត្តចូលរៀន និងបានបង្កើននូវអាហាររូបត្ថម្ភសម្រាប់កុមារទាំងនោះ និងការផ្សព្វផ្សាយអំពីអាហាររូបត្ថម្ភ»។
លោកស្រី ជូឌីត ឡេវ៉េយ៉េ ប្រធានកម្មវិធីសិទ្ធិកុមារនៃអង្គការ UNICEF ប្រចាំនៅកម្ពុជា មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះថា៖ «យើងនឹងបន្តធ្វើការជាមួយគ្នាក្នុងការគាំទ្រស្រ្តី កុមារ និងការងារសេវាសង្គមនៅថ្ងៃខាងមុខ។ លោកអ្នកបានដឹងនូវបញ្ហា ហើយលោកអ្នកក៏មានគំនិតច្នៃប្រឌិតខ្ពស់ផងដែរក្នុងការរកដំណោះស្រាយដើម្បីដោះស្រាយនូវបញ្ហាទាំងនោះផងដែរ»។
«ខ្ញុំសូមលើកឧទាហរណ៍ នៅក្នុងសហគមន៍លោកអ្នក ប្រសិនបើយើងមានចំនួនកុមារ ២០០ នាក់ ក្នុងរយៈពេលពី៣ទៅ៥ឆ្នាំ។ ក្នុងចំណោមកុមារទាំងនោះ យើងមានកុមារតិចតួច ដែលបានចូលរៀនសាលាមតេយ្យ។ តើយើងមានគំនិតច្នៃប្រឌិតយ៉ាងដូចម៉្តេចដើម្បីអោយកុមារទាំងនោះបានចូលរៀន? មានន័យថាប្រហែលជាយើងត្រូវការដាក់វេនអោយបានច្រើនដងដើម្បីអោយកុមារទាំងនោះបានចូលរៀននៅសាលាមតេយ្យ។ ខ្ញុំគិតថា លោកអ្នកពិតជាមានគំនិតច្នៃប្រឌិតខ្ពស់ដើម្បីដោះស្រាយនូវបញ្ហាទាំងនេះ»៕



News/Events 











